(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ បាននាំសម្ភារចរាចរណ៍ដែលជាអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សម្រាប់យកមកប្រើប្រាស់ជាប្រយោជន៍ក្នុងការសម្រួលចរាចរណ៍។

លោក សួន សុម៉ាលីន បានថ្លែងថា សម្ភារចរាចរណ៍ទាំងនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រគល់ជូនដល់នគរបាលខេត្តព្រៃវែង សម្រាប់យកទៅប្រើប្រាស់ ក្នុងអង្គភាព និងដើម្បីជំរុញលើកទឹកចិត្តដល់មន្រ្តីនគរបាលឲ្យខិតខំប្រឹងប្រែងអនុវត្តការងារជំនាញ ក្នុងគោលបំណងកាត់បន្ថយករណីគ្រោះថ្នាក់ ចរាចរណ៍ឲ្យនៅកម្រិតមួយទាបបំផុត ព្រមទាំងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែល្អ ប្រសើរ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ក្នុងការចុះអនុវត្តការងារទាំងយប់ទាំងថ្ងៃ ក្នុងការបម្រើ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដល់ប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែងប្រកបដោយ សុវត្ថិភាពខ្ពស់ ដោយទទួលបានការសាទរពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទូទាំងខេត្តព្រៃវែង ចំពោះការខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។ 

លោកបានបន្តថា គ្រប់សកម្មភាព ដែលស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានខិតខំប្រឹងប្រែងអនុវត្តកន្លងមកក្នុងគោលបំណង ធ្វើយ៉ាងណាឲ្យខេត្តព្រៃវែងមានសុវត្ថិភាព សន្តិសុខសណ្ដាប់ធ្នាប់ល្អសម្រាប់ប្រជាពលរដ្ឋ រស់នៅប្រកបដោយសុវត្ថិភាព។

លោកឧត្តមសេនីយ៍ត្រី ឯក សៅដា ស្នងការរងខេត្តព្រៃវែង ថ្លែងថា បច្ចុប្បន្ននេះ កម្លាំងនៃការិយាល័យចរាចរណ៍ផ្លូវគោក បានសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន កម្លាំងអន្តរាគមន៍ពិសេស និងដោយមានចូលរួម សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក ជាប់តាមបណ្តា ផ្លូវជាតិលេខ ១, ៨, ១១។

ការចុះអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍នេះ ក្នុងគោលបំណងលើកកម្ពស់ស្មារតីគោរព ច្បាប់ចរាចរណ៍ របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ម្យ៉ាងទៀតគឺដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ ការពារ អាយុជីវិត ទ្រព្យសម្បត្តិប្រជាពលរដ្ឋ កាត់បន្ថយអត្រាអ្នកស្លាប់ អ្នករងរបួស ពិការដោយសារគ្រោះថ្នាក់ចរាចរណ៍ ត្រួតពិនិត្យលើរថយន្តកែច្នៃខុសបច្ចេកទេស ត្រួតពិនិត្យរកសារធាតុញៀន គ្រឿងស្រវឹងលើអ្នកបើកបរ ទប់ស្កាត់ការ ប្រព្រឹត្តបទល្មើសផ្សេងៗលើដងផ្លូវ និងដើម្បីឱ្យការធ្វើចរាចរណ៍ក្នុងខេត្តព្រៃវែងមានសណ្តាប់ធ្នាប់ល្អប្រសើរផងដែរ។

កន្លងមកសម្ភារបរិក្ខាផ្សេងៗសម្រាប់បម្រើឱ្យការងារ នៅតាមការិយាល័យជំនាញ អធិការដ្ឋាន ក៏ដូចជាប៉ុស្តិ៍នគរបាលរដ្ឋបាល នៅមានការខ្វះខាត មិនទាន់ឆ្លើយតបគ្រប់គ្រាន់ចំពោះតម្រូវការចាំបាច់ក្នុងការបំពេញភារកិច្ច ការងារប្រចាំថ្ងៃឡើយ។

លោកឧត្តមសេនីយ៍ត្រី បន្តថា ដោយឡែកថ្ងៃនេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានទទួលសម្ភារចរាចរណ៍ជាច្រើនទៀត ដែលជាអំណោយដ៏ថ្លៃថ្លាសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អំណោយដ៏ថ្លៃថ្លាទាំងនេះ គឺជាការយកចិត្តទុកដាក់ពីសំណាក់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដើម្បីជំរុញលើកទឹកចិត្តដល់មន្ត្រីនគរបាល ឱ្យខិតខំប្រឹងប្រែងអនុវត្តការងារជំនាញ ក្នុងគោលបំណងកាត់ បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តព្រៃវែង ឱ្យនៅកម្រិតមួយទាបបំផុត ព្រមទាំងបម្រើសេវាសាធារណៈជូន ប្រជាពលរដ្ឋកាន់តែល្អប្រសើរ៕