(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសាកលវិទ្យាល័យន័រតុន នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ បានសហការគ្នារៀបចំសិក្ខាសាលាស្ដីពីការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពរបស់លោក ណី សាកល អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច និងលោកបណ្ឌិត Van S. Dalluay ព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមនៃសាកលវិទ្យាល័យន័រតុន នៅសាកលវិទ្យាល័យន័រតុន។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលដៅបញ្ជ្រាបការយល់ដឹងជាសាធារណៈឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅ សម្រាប់និស្សិតនៅសាកលវិទ្យាល័យ អំពីយន្តការប្រតិបត្តិការបរធនបាលកិច្ច បទដ្ឋានគតិយុត្តពាក់ព័ន្ធ គុណប្រយោជន៍នៃវិស័យបរធនបាលកិច្ច។

សិក្ខាសាលានេះក៏បានផ្ដល់ឱកាសដល់និស្សិតដើម្បីធ្វើការបង្កើនចំណេះដឹងបន្ថែមពាក់ព័ន្ធវិស័យហិរញ្ញវត្ថុមិនមែនធនាគារផងដែរ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ន.ប.ធ. និងមន្ត្រីជំនាញ, សាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យន័រតុន៕