(សៀមរាប)៖ គណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេក​វិទ្យា និងនវានុវត្តន៍ បានសហការជាមួយអង្គការ​មូល​និធិអាស៊ី និងវិទ្យាស្ថានបញ្ញា​សិប្បនិ​ម្មិត​ ដែលផ្តោតលើមនុស្ស នៃសាកលវិទ្យាល័យ​ស្ទែនហ្វដ​សហរដ្ឋអាមេរិក បានរៀបចំ​សិក្ខាសាលា​ពិភាក្សាស្តីពី «ការចាប់យកបច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​ដែល​ផ្តោតលើមនុស្ស»។

សិក្ខាសាលា​នេះ បានរៀបចំឡើង នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ​គឺ​ជា​ព្រឹត្តិការណ៍អមកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ (AMMSTI-20) កិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យា​សាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍​លើក​​ទី៨៥ (COSTI-85) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកំពុង​ត្រូវ​​បាន​រៀបចំឡើងនៅទី​ក្រុង​សៀម​រាប ​ពីថ្ងៃទី៣-៧ ខែមិថុនា ឆ្នាំ២០២៤។

កិច្ចពិភាក្សានេះ ដឹកនាំដោយលោក ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការ នៃក្រសួង​ឧស្សា​ហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈម្មាធិការអាស៊ាន​ផ្នែកវិទ្យា​សាស្រ្ត បច្ចេក​វិទ្យា និង​នវានុវត្តន៍ ដោយមានអ្នកចូលរួមប្រមាណ ១៦០នាក់ មកពីរដ្ឋជា​សមាជិក​អាស៊ាន ព្រមទាំងប្រតិភូអ្នកវិទ្យាសាស្ត្រ និងអ្នកបច្ចេកវិទ្យាអាស៊ាន-អាមេរិក។

កិច្ចពិភាក្សា​ផ្តោត​លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែលកំពុងរីកចម្រើន រួមទាំងបញ្ហាប្រឈម, ភាពចាំ​បាច់នៃឧបករណ៍ និងចំណេះដឹងផ្នែក AI, និងការបង្កើតគោលនយោបាយ និងយន្តការ​គ្រប់​គ្រងការប្រើប្រាស់ AI ប្រកបដោយការទទួលខុសត្រូវ។

ប្រធានបទសំខាន់ៗដែលត្រូវបាន​ពិភាក្សារួមមានការធានា​បាននូវ​ការប្រើប្រាស់ AI ដោយយុត្តិធម៌ និងអាចទុកចិត្តបាន, និង​យុទ្ធសាស្ត្រ ដើម្បីបង្កើនអត្ថ​ប្រយោជន៍ និងកាត់បន្ថយហានិភ័យនៃការប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត សម្រាប់ជាប្រ​យោជន៍​ដល់គ្រប់ប្រទេសសមាជិកអាស៊ានទាំងអស់៕