(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំក្រុមការងារសិក្សា ពិនិត្យ និងចុះបញ្ជីដីពាក់ព័ន្ធនឹងបុរាណដ្ឋាន ក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្រោមវត្តមានរបស់លោក សរ សុវណ្ណ រដ្ឋលេខាធិកា នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារ និងមានការចូលរួមពីលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា, លោក សំកុល សុចិត្រា អភិបាលរងខេត្ត និងលោក លោកស្រី ជាអាជ្ញាធរក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមេភូមិជាច្រើនចូលរួមផងដែរ។

ថ្លែងក្នុងកិច្ចស្វាគមន៍លោក សំកុល សុចិត្រា បានលើកឡើងថា ការរៀបចំបង្កើតក្រុមការងារសិក្សា ពិនិត្យ និងចុះបញ្ជីដីពាក់ព័ន្ធនឹងបុរាណដ្ឋាន ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដើម្បីកំណត់ និងរៀបចំលក្ខណវិនិច្ឆ័យដីបុរាណដ្ឋាន ជាមូលដ្ឋានសម្រាប់ការអនុវត្ត និងធ្វើការបណ្តុះបណ្តាលស្តីពីលក្ខណវិនិច្ឆ័យជូនដល់មន្ត្រីពាក់ព័ន្ធ ដែលត្រូវអនុវត្តការងារ កំណត់អត្តសញ្ញាណ និងធ្វើចំណាត់ថ្នាក់ដីបុរាណដ្ឋាននាពេលនេះ។

លោលបន្តថា ការកំណត់ទីតាំងបុរាណដ្ឋានត្រូវអនុវត្តតាមអនុក្រឹត្យលេខ ២៣១ អនក្រ.បក ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការចុះបញ្ជីរដ្ឋ។ ក្នុងគោលបំណងធានាឲ្យបាននូវតម្លាភាព ប្រសិទ្ធភាព ព្រមទាំងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងដំណើរការនៃចុះបញ្ជីដី និងកិច្ចការការពារបុរាណដ្ឋាន។

ទន្ទឹមនឹងនេះលោក សរ សុវណ្ណ បានលើកឡើងថា កិច្ចប្រជុំនេះដោយមានបីអង្គភាពពាក់ព័ន្ធចូលរួម ក្នុងការដោះស្រាយនូវបញ្ហា ដែលប្រជាពលរដ្ឋបានជួបប្រទះកន្លងមក។ ក្នុងបញ្ហាទាំងនេះ យើងត្រូវរួមគ្នាធ្វើការដោះស្រាយ ជាមួយគ្នា ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមទាំងប្រជាពលរដ្ឋចូលរួមផងដែរ។

លោក សរ សុវណ្ណ បានបន្តថា គោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧នេះ បានផ្តោតសំខាន់លើការកសាងធនធានមនុស្ស និងយកចិត្តទុក ដាក់ពីសុខមាភាពរបស់ប្រជាពលរដ្ឋ និងបានផ្តល់ដល់ប្រជាពលរដ្ឋមានប័ណ្ណសមធម៌ ប័ណ្ណក្រីក្រ និងប័ណ្ណ ប.ប.ស បានគ្រប់ដណ្តប់ជាសកលពេញផ្ទៃប្រទេស។ អត្ថន័យនឹងខ្លឹមសារនៃយុទ្ធសាស្ត្របញ្ចកោណនោះ គឺប្រកបដោយសីលធម៌ និងសុជីវធម៌។

លោក សរ សុវណ្ណ បានបន្តទៀតថា កម្ពុជាបានដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ ២០៥០។ លោកបន្តថា ដើមី្បឲ្យប្រទេសជាតិមានភាពថ្គុំថ្កើន យើងត្រូវរួមសាមគ្គីគ្នាថែរក្សាសន្តិភាពឲ្យបានគង់វង្ស ដែលជាមរតកមិនអាច កាត់ថ្លៃបាន ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាមូលដ្ឋានគ្រឹះក្រោមគោលនយោបាយឈ្នះឈ្នះ ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា រស់នៅដោយក្តីសុខសាន្តមកដល់ពេលនេះ។ ម៉្យាងទៀត ក៏ត្រូវធ្វើការថែរក្សានូវសមទ្ធិផល ដែលកសាងឡើងក្រោមដំបូលសន្តិភាព ដើមី្បឆ្ពោះទៅឆ្នាំ២០៣០ ហើយក៏ទាមទាឲ្យកូនចៅរបស់ខ្លួន មានចំណេះដឹងខ្ពស់ ដើមី្បឲ្យក្លាយជាធនធានដ៏រឹងមាំ ក្នុងការអភិវឌ្ឍន៍នៅក្នុងយុគសម័យបច្ចេកវិទ្យានេះ។

លោកបញ្ជាក់ថា ការចុះបញ្ជីដីធ្លី និងការដោះស្រាយវិវាទដីធ្លីនេះ ត្រូវបានឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានដាក់នូវគោលនយោបាយមួយគឺ (ចុះបញ្ជីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ)។ ក្នុងកិច្ចប្រជុំនោះ លោកបានឲ្យអាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ និងមេភូមិ ត្រូវចូលរួមសហការកំណត់ឲ្យបានច្បាស់ ជាមួយមន្ត្រីជំនាញ និងក្រុមការងារ ដើមី្បបញ្ជាក់នូវភាពស្មោះត្រង់នឹងគ្នា ដើមី្បជាផលប្រយោជន៍សហគមន៍ និងប្រជាពលរដ្ឋខ្លួន។

ម៉្យាងទៀត អំពីលក្ខ័ន្តដែលត្រូវទទួល និងមិនត្រូវទទួល ដើមី្បឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់យកទៅអនុវត្ត ដែលមានក្រុមការងារសុរិយោដី រួមជាមួយរដ្ឋបាលខេត្ត អាជ្ញាធរជាតិអប្សរា ដោយមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋ ក្នុងការដោះស្រាយប្រកបដោយសន្តិវិធី៕