(កំពង់ឆ្នាំង)៖ ដីព្រៃលិចទឹកដែលជាជម្រកត្រីពងកូន និងជាជម្រកសត្វស្លាបមួយកន្លែង ស្ថិតក្នុងបាតអាងទំនប់តាម៉េវ ក្នុងភូមិសាស្ត្រសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ជិត១ហិកតាត្រូវបានជនខិលខូ ចលួចអារ និងកាប់ទន្ទ្រានដឹកយកដើមឈើ និងមែកឈើធំៗ គរទុកសម្រាប់ដាក់ធ្វើជាសម្រាស់ដាក់ចូលបឹងទន្លេចាប់ត្រីនៅរដូវសម្រក។

ទាក់ទងនឹងករណីខាងលើនេះនៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ក្រុមអ្នកយកព័ត៌មានដោយមានការចង្អុលបង្ហាញពីប្រជាពលរដ្ឋផងនោះ បានចុះទៅដល់ទីតាំងបទល្មើសខាងលើនេះ ដើម្បីថតផ្ដិតយករូបភាពបទល្មើសជាក់ស្ដែង។

ខណៈនោះដែរ ក៏មានមន្ត្រីជំនាញរដ្ឋបាលជលផល៣នាក់ដឹកនាំដោយលោក តាត សី ហាក់ នាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំង បានចុះពិនិត្យនៅលើទីតាំងបទល្មើសជាក់ស្ដែងជាមួយនឹងអ្នកសារព័ត៌មានផងដែរ។

ជាលទ្ធផល, លោក តាត សីហាក់ បានបញ្ជាក់ថា បទល្មើសខាងលើនេះបានបង្កឲ្យមានការខូចខាតព្រៃលិចទឹកបាតអាងទំនប់តាម៉េវអស់ទំហំប្រមាណ២០ម៉ែត្រ គុណនិង៤០ម៉ែត្រ នៅក្នុងទំហំដីបាតអាងប្រមាណ៧០ហិកតា ហើយការកាប់ដើមឈើធំៗទាំងអស់នេះ គឺគេកាប់យកទៅទុកធ្វើជាសម្រាស់ដាក់ចាប់ត្រីនៅរដូវសម្រក។

ដោយសារទីនេះជាបាតអាងជ្រៅ ដូច្នេះមិនអាចយកទីតាំងនេះទៅធ្វើ ជាកសិកម្មបានឡើយ។ ការកាប់ព្រៃលិចទឹកនៅចំណុចនេះ សមត្ថកិច្ចបានប្រទះឃើញគំនរដើម ឈើព្រៃលិចទឹកប្រមាណ១០០ដើមគរទុកនៅមាត់ ទន្លេផ្នែកខាងកើតដែលគេបានដឹកចេញពីទីតាំងបទ ល្មើសខាងលើនេះ តែដើមឈើទាំងនោះត្រូវបានសមត្ថកិច្ចជលផលដុតកម្ទេចចោលអស់ហើយ។ ចំពោះបទល្មើសខាងលើនេះសមត្ថកិច្ច និងបន្តស្រាវ ជ្រាវរកមុខសញ្ញាជនល្មើសឱ្យឃើញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចំណាត់ការតាមច្បាប់។

ប្រជាពលរដ្ឋវិញបានឲ្យដឹងថា តំបន់បាតអាងដែលគេកាប់ព្រៃលិចទឹកតូចធំទាំងនេះ ពីមុនមកគឺជាព្រៃលិចទឹកសំបុកត្រីពងកូន និងជាជម្រកសំបុកសត្វស្លាបដែលទីនេះមានព្រៃក្រាស់ធំៗ ដែលពីមុនដើរចូលមិនរួចឡើយ ព្រោះខាងក្រោមដើមឈើធំៗគឺសុទ្ធសឹងជាដើមបបុសនិងកូនឈើតូចៗដុះចង្អៀតណែនតាន់តាប់ដែលពិបាកក្នុងការដើរចូលក្នុងព្រៃនេះផងដែរ។

ករណីនេះ អាចទី១គឺគេកាប់ដើមឈើព្រៃលិចទឹកដឹកលក់ឲ្យអ្នកធ្វើសម្រាស់បោះចូលព្រែកទន្លេដើម្បីចាប់ត្រីនៅរដូវសម្រក។ ទី២ពេលដើមឈើងាប់គេនឹងដុតព្រៃឈើចំណុចនេះឲ្យវាលដើម្បីកាន់កាប់ធ្វើចំការជាកម្មសិទ្ធិ។ ព្រោះថាព្រៃលិចទឹកដែលគេកាប់នៅចំណុចនេះ គឺបាំងព្រៃតែ១សន្ទះប្រហែល៥ម៉ែត្រ គឺជាដីចំការរបស់ប្រជាពលរដ្ឋមាន នៅក្បែរនោះហើយការកាប់ព្រៃរបស់ក្រុមនេះគឺកាប់ទាំងព្រៃតូចធំគឺមិនមែនកាប់យកតែដើមធំៗទៅធ្វើ ជាករសម្រាស់ប៉ុណ្ណោះទេ។

ជុំវិញបទល្មើសខាងលើនេះ ប្រជាពលរដ្ឋស្នើសុំខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចុះស៊ើបអង្កេតនិងស្រាវជ្រាវរកមុខជនល្មើសឲ្យឃើញ ដើម្បីចំណាត់ការតាមផ្លូវច្បាប់ទើបអាចការពារ តំបន់ព្រៃលិចទឹក ចំណុចមេទឹកតាម៉េវ និងនៅតាមតំបន់ផ្សេងៗទៀតបានគង់វង្ស៕