(ភ្នំពេញ)៖ ពលការិនីខ្មែរនៅអារ៉ាប៊ីសាអូឌីត ចំនួន១៥នាក់បន្ថែមទៀតហើយ បានមកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រោមការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជា ដែលមាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូតខ្មែរប្រចាំនៅប្រទេសអារ៉ាប៊ីសាអូឌីត និងភាគីពាក់ព័ន្ធ។

គិតត្រឹមលើកនេះ បងប្អូនពលការិនីវិលត្រលប់មកមាតុប្រទេសវិញ សរុបបានចំនួន ៧៨នាក់រួចហើយ។

ការមកដល់របស់ពលការិនីទាំងអស់ ត្រូវបានទទួលយ៉ាងកក់ក្តៅពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាំងពីការសម្របសម្រួល នៅព្រលានយន្តហោះ ក្នុងព្រះរាជាណាចក្រថៃ រហូតមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងនៅទីស្តីការក្រសួង។

សូមរំលឹកថា ក្រោយមានការសម្របសម្រួល របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធ ពលការិនីសរុបចំនួន៧៨នាក់ហើយ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយទទួលបានការយកចិត្តទុកដាក់ពីក្រុមការងាររបស់ក្រសួង។ ក្នុងនោះ ក្រៅពីការយកចិត្តទុកដាក់លើម្ហូបអាហារ និងការធ្វើដំណើរ ពលករទាំងអស់ ទទួលបានការផ្សព្វផ្សាយ ពីឱកាសការងាររ៉ាប់ម៉ឺនកន្លែង ដែលមាននៅក្នុងស្រុក និងនៅជិតភូមិដ្ឋាន ក៏ដូចជា ការបង្ហាញពីឱកាសសិក្សាវគ្គបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ (C1) ដោយឥតគិតថ្លៃ រួមទាំងទទួលបានការពិនិត្យសុខភាព ថែមទៀតផង មុននឹងការជូនដំណើរទៅកាន់គេហដ្ឋាន។ ចំណែកបងប្អូនពលការិនីដែលមិនទាន់បានវិលត្រឡប់មកវិញ កំពុងត្រូវបានជួយទំនុកបម្រុងកន្លែងស្នាក់នៅ អាហារ និងតម្រូវការផ្សេងៗ ដោយស្ថានឯកអគ្គរាជទូតកម្ពុជា៕