(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ បានបន្តសំណេះសំណាល និងជូនដំណើរសាសនិកឥស្លាមកម្ពុជាចំនួន៩៨នាក់ទៀត ទៅធ្វើបុណ្យធម្មយាត្រាហាជ្ជ នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់ជើងទី៦។

អ្នកដែលចេញដំណើរសម្រាប់ជើងទី៦ នេះភាគច្រើនមកពីខេត្តកំពត តាកែវ កំពង់សោម កោះកុង ត្បូងឃ្មុំ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ក្រចេះ ស្ទឹងត្រែង និងបណ្តាខេត្តផ្សេងៗទៀត ដោយមានក្រុមគ្រួសារ និងសាច់ញតិយ៉ាងច្រើនកុះករ បានធ្វើដំណើរមកភ្នំពេញ ដើម្បីជូនដំណើរ។

នាឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានលើកឡើងថា ក្នុងចំណោមក្រុមហាជ្ជី៩៨នាក់ខាងលើ ក្នុងនោះ ៤៨នាក់ធ្វើដំណើរតាមក្រុមហ៊ុនអាកាសចរណ៍ Qatar Airways និង៥០នាក់ផ្សេងទៀត តាម Emirates Airline ហើយទទួលបានការឧបត្ថម្ភពីសមាគមប្រភពល្អកម្ពុជាចំនួន៣៣នាក់ផងដែរ។

លោកបណ្ឌិត អូស្មាន ហាស្សាន់ ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ ដោយសម្តេចបានបង្ហាញការសាទរ និងសប្បាយរីករាយ ជាមួយសាសនិកឥស្លាមកម្ពុជា ដែលមានលទ្ធភាពបានទៅប្រតិបតិ្តបុណ្យហាជ្ជនេះ នៅប្រទេសអារ៉ាប៊ីសាអូឌីត។

លោកគូសបញ្ជាក់ដែរថា ការចេញដំណើររបស់សាសនិកឥស្លាមកម្ពុជា នាពេលនេះសបញ្ជាក់ឲ្យឃើញថា សព្វថ្ងៃសាសនិកឥស្លាមកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស មានជីវភាពធូរធារ និងការវិវត្តស្ថានភាពរស់នៅរបស់ខ្លួនឆ្ពោះទៅមុខជាបន្តបន្ទាប់ ដែលជាចំណែកមួយនៃការកើនឡើងនៃសេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

ការចេញដំណើរនេះ នឹងធ្វើឡើងជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ខណៈឆ្នាំនេះមានសាសនិកឥស្លាមកម្ពុជាចំនួន៩១១នាក់ ចេញទៅធ្វើបុណ្យហាជ្ជនេះ ក្នុងនោះទទួលបានពីព្រះរាជទានរបស់ព្រះចៅ សាល់ម៉ាន់ ព្រះមហាក្សត្រប្រទេសអារ៉ាប៊ីសាអ៊ូឌីត និង ព្រះអង្គម្ចាស់រាជទាយាទមូហាំម៉ាត់ ពិនសាល់ម៉ាន់ នាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត ចំនួន២០នាក់ និងសមាគមប្រភពល្អកម្ពុជាចំនួន ៣៣ នាក់ ដោយក្នុងម្នាក់ៗចំណាយប្រមាណ ៦០០០ដុល្លារដែល គិតជាថវិកាសរុបប្រមាណ៥.៥លានដុល្លារ។

សម្រាប់ឆ្នាំ២០២៤ អារ៉ាប៊ីសាអ៊ូឌីត បានត្រៀមព្រលានយន្តហោះចំនួន ៥ កន្លែង ដើម្បីទទួលជើងយន្តហោះជាង ១៥០ យន្តហោះ មកពីជាង ១០០ប្រទេស ដឹកអ្នកធ្វើធម្មយាត្រាហាជ្ជ ១.២លាននាក់ និងក្នុងស្រុក ១២០ពាន់នាក់។ ការប្រារព្វបុណ្យហាជ្ជីនៅទីក្រុងពិសិដ្ឋម៉ាក្កះ នៃប្រទេសអារ៉ាប៊ីសាអូឌីត គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចឥស្លាមទាំង៥ ចំពោះអ្នកមានលទ្ធភាព និងសមត្ថភាព ដោយទទួលបានផលបុណ្យយ៉ាងច្រើនលើសលប់៕