(កំពត)៖ ភ្នំបូកគោជាតំបន់ទេសចរណ៍ដ៏ល្អពិសេស​មួយនៅខេត្តកំពត ហើយមានកត្តាសំខាន់ៗ៤យ៉ាង ដែលនាំឲ្យភ្នំបូកគោ អាចក្លាយទៅជាទីកន្លែងទេសចរដ៏សំខាន់នៅក្នុងប្រទេស និងលើពិភពលោក។ នេះបើតាមការបញ្ជាក់របស់ លោកឧកញ៉ា សាយ សុភ័ត្រា នាយកផ្នែកលក់ និងទីផ្សារ ក្រុមហ៊ុនសុខា អូតែល និងក្រុមហ៊ុន សុខា រៀល អ៉ីស្តេត ក្នុងជំនួបជាមួយអ្នកសារព័ត៌មាន ដែលរៀបចំដោយ ក្លិបអ្នកកាសែតកម្ពុជា កាលពីពេលថ្មីៗនេះ។

ចំណុចសំខាន់ៗ៤ យ៉ាងដែលមានស្រាប់ និងកំពុងអភិវឌ្ឍដោយក្រុមហ៊ុនសុខា អូតែល និងក្រុមហ៊ុន សុខា រៀល អ៉ីស្តេត នៅតំបន់ភ្នំបូកគោមានដូចជា៖ ១.តំបន់ប្រវត្តិសាស្រ្ត, ២.កន្លែងលម្ហែដែលមានខ្យល់អាកាសល្អ ហើយអាចជួយព្យាបាលសុខភាពបាន, ៣.ប្រព័ន្ធផ្លូវខ្វាត់ខ្វែង និងទី៤.ទេសចរណ៍សាសនា។

៤ចំណុចនេះ ត្រូវបានលោកឧកញ៉ា សាយ សុភ័ត្រា ជឿជាក់ថា មិនយូរទេ អាចត្រឹម៥ឆ្នាំទៀតប៉ុណ្ណោះ តំបន់ភ្នំបូកគោនេះ នឹងក្លាយជាទីកន្លែងទេសចរដ៏សំខាន់នៅក្នុងប្រទេស និងលើពិភពលោក ដែលសាកសមសម្រាប់ទេសចរណ៍ និងវិនិយោគ។

មិនតែប៉ុណ្ណោះដើម្បីអាចអភិវឌ្ឍអមដោយការអភិរក្សធនធានធម្មជាតិ និងបរិយាកាស នៅតំបន់ភ្នំបូកគោ ក្រុមហ៊ុនសុខា អូតែល និងក្រុមហ៊ុន សុខា រៀល អ៉ីស្តេត បានកំពុងសិក្សាជាមួយក្រុមហ៊ុនជប៉ុន ដើម្បីនាំយកបច្ចេកទេសក្នុងការកែច្នៃកាកសំណល់រឹង និងរាវ ធ្វើយ៉ាងណាមិនឲ្យមានផលប៉ះពាល់ដល់បរិស្ថាន។

បច្ចុប្បន្នក្រុមហ៊ុនសុខា អូតែល និងក្រុមហ៊ុន សុខា រៀល អ៉ីស្តេត បានកំពុងអភិវឌ្ឍដូចជា គម្រោងកសាងតំបន់ព្រះពុទ្ធបដិមាដែលមានកម្ពស់១០៨ម៉ែត្រ ដែលជាព្រះពុទ្ធបដិមាមានកម្ពស់ខ្ពស់ជាងគេនៅអាស៊ី តំបន់លំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ និងទំនប់ទឹកជាដើម។ ទាំងអស់នេះនៅមិនទាន់រាប់បញ្ចូលនូវតំបន់ជំនឿ ប្រវត្តិសាស្រ្ត ដែលមានស្រាប់នៅលើភ្នំបូកគោនោះឡើយ។

បើតាម អ្នកឧកញ៉ា សុខ គង់ គឺលោកចំណាយទុនវិនិយោគអស់ប្រមាណ៨០០លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍនៅលើកំពូលភ្នំបូកគោ។ ប៉ុន្តែប្រាក់ដែលបានចំណាយប្រមាណ៨០០លានដុល្លារនោះ នៅមិនទាន់ទទួលបានផលចំណេញមកវិញនៅឡើយទេ។ យ៉ាងណាក៏ដោយ គម្រោងវិនិយោគជាច្រើនដែលក្រុមហ៊ុនបានកំពុងអភិវឌ្ឍនេះ គឺដើម្បីអភិវឌ្ឍភ្នំបូកគោនេះ ឲ្យក្លាយជាតំបន់ទេសចរណ៍សម្បូរបែប។

សូមទស្សនាការលើកឡើងទាំងស្រុងរបស់លោកឧកញ៉ា សាយ សុភ័ត្រា ដូចតទៅ៖