(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តាងនាមកងកម្លាំងនគរបាលជាតិ ផ្ញើសារចូលរួមរំលែកទុក្ខជូនលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំពោះមរណភាពរបស់ឧបាសក ហេង ស៊ីវ៉ារ៉ូ ដែលត្រូវជាបងប្រុសបង្កើត កាលពីថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ក្នុងជន្មាយុ៧២ឆ្នាំ ដោយសារឧបទ្ទវហេតុ។

មរណភាពរបស់ ឧបាសក ហេង ស៊ីវ៉ារ៉ូ គឺជាការបាត់បង់នូវស្វាមី បង ឪពុក និងជីតាជាទីគោរព ស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ដែលបានខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គចិញ្ចឹមបីបាច់ថែរក្សា និង អប់រំណែនាំផ្ដល់ដំបូន្មានដល់កូន-ចៅ ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិកដ៏គំរូផងដែរ។

ស្ថិតក្នុងពេលវេលាដ៏សែនក្រៀមក្រំសោកសង្រេងនេះ ក្នុងនាមកងកម្លាំងនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត សូមចូលរួមសម្ដែងនូវសមានទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យ និងសូមបួងសួងឧទ្ទិស ដល់គុណបុណ្យព្រះរតនត្រ័យជួយយិតយោងដួងវិញ្ញាណក្ខន្ធរបស់ឧបាសក ហេង ស៊ីវ៉ារ៉ូ សូមឆាប់បាន យោនយកកំណើតចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕