(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ​បានផ្តល់អនុសាសន៍សំខាន់ចំនួន ២ចំណុច ដើម្បីឱ្យកម្ពុជា និងគុយបា អាចទាញយកផលប្រយោជន៍ពីគ្នាទៅវិញទៅមក លើកិច្ចសហប្រតិបត្តិការទ្វេភាគី។

សម្តេចបានបញ្ជាក់ថា វិស័យកសិកម្ម ជាពិសេសការផលិតស្រូវ កម្ពុជាមានបទពិសោធន៍ ក្នុងការផលិតស្រូវដោយប្រើ រយៈពេលខ្លី ប្រើទឹកតិច ដែលអាចជួយដល់គុយបា ជម្នះការលំបាកក្នុងពេលដែលប្រទេសគុយបា កំពុងតែទទួលរងនូវការហ៊ុមព័ទ្ធ។ គុយបា អាចយកបច្ចេកទេសផលិតស្រូវកម្ពុជា ដើម្បីយកទៅអនុវត្តជាក់ស្ដែង នៅប្រទេសគុយបា ពីព្រោះថាសព្វថ្ងៃនេះ គុយបាកំពុងមានបញ្ហាខ្វះខាតស្បៀង ដែលជាបញ្ហាសំខាន់ត្រូវយកចិត្តទុកដាក់ដោះស្រាយ។

ពាក់ព័ន្ធវិស័យវេជ្ជសាស្រ្តវិញ សម្ដេចតេជោ បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលគុយបា ដែលបានផ្ដល់ការគាំទ្រ និងជួយដល់កម្ពុជាក្នុងពេលដ៏លំបាក ជាពិសេសគឺនៅពេលដែលកម្ពុជាទើបតែរួចផុតពីរបបប៉ុលពត។ កម្ពុជាបានបញ្ជូននិស្សិតជាច្រើន ទៅសិក្សានៅប្រទេសគុយបា ដោយគុយបាមានបច្ចេកវិទ្យាវេជ្ជសាស្ត្រ សិក្សា និងផលិតវ៉ាក់សាំង ដូចនេះ សម្ដេចតេជោ បានផ្ដល់អនុសាសន៍ឱ្យ លោកស្រីឯកអគ្គរដ្ឋទូត បន្តធ្វើការជាមួយក្រសួងសុខាភិបាលកម្ពុជា។

ការផ្តល់នូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បែបនេះធ្វើឡើងក្នុងឱកាសសម្តេចបានអនុញ្ញាតឱ្យលោកស្រី មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបាប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ក្នុងជំនួបនោះ លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងនូវការអបអរសាទរ ជូនចំពោះសម្ដេចតេជោ ដែលត្រូវបានតែងតាំងជាប្រធានព្រឹទ្ធសភា ហើយក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រធានាធិបតី ប្រធានសភា និងនាយករដ្ឋមន្ត្រីគុយបាជូន ចំពោះសម្ដេចតេជោផងដែរ។

លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងពីការស្ញប់ស្ញែង និងកោតសរសើរចំពោះកម្ពុជា ដែលទទទួលបានជោគជ័យ នៅក្នុងបញ្ហាសន្តិសុខស្បៀង និងមានការអភិវឌ្ឍកម្រិតខ្ពស់ ហើយប្រទេសគុយបាក៏ចង់រៀនសូត្រ ពីកម្ពុជាផងដែរ។

លោកស្រីបានចាត់ទុកថា សារៈសំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺគម្រោងផលិតស្រូវ ដែលបានចាប់ផ្តើម ដោយគណៈប្រតិភូកម្ពុជា បានធ្វើដំណើរទៅទីក្រុងហាឡាវ៉ានៃប្រទេសគុយបា ហើយអនុរដ្ឋមន្ត្រីកសិកម្មរបស់គុយបា ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញវិស័យផលិតស្រូវ នៅក្នុងប្រទេសគុយបាផងដែរ។

ទាក់ទងនឹងវិស័យសុខាភិបាល លោកស្រីបានបញ្ជាក់ថា គុយបាមានបច្ចេកវិទ្យាផ្នែកសុខាភិបាល និងមានគោលបំណងចែករំលែកដល់កម្ពុជា ។ ប្រទេសយើងទាំងពីរ គួរតែមានអនុស្សរណៈយោគយល់គ្នា នៅលើវិស័យសុខាភិបាល និងវិស័យផ្សេងទៀត ដូចជាវប្បធម៌ជាដើម ។ លោកស្រីក៏មានបំណងនឹងធ្វើការជាមួយនឹងរដ្ឋមន្ត្រីពាក់ព័ន្ធនានារបស់កម្ពុជា ដើម្បីសិក្សាពីអ្វីដែលអាចធ្វើបានបន្ថែមទៀត ដែលជាសក្ដានុពលរបស់ប្រទេសទាំងពីរ។

លោកស្រីឯកអគ្គរដ្ឋទូត ក៏បានរៀបរាប់ផងដែរ ពីការលំបាករបស់គុយបា នាពេលបច្ចុប្បន្នដោយមានការហ៊ុមព័ទ្ធទាំងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលធ្វើឱ្យបានមានការលំបាកក្នុងការនាំចូលស្បៀង។ លោកស្រីបានថ្លែងអំណរគុណ ចំពោះកម្ពុជាដែលតែងតែបោះឆ្នោតគាំទ្រ ឱ្យមានការដកទណ្ឌកម្មចេញពីប្រទេសគុយបា នៅសន្និបាតអង្គការសហប្រជាជាតិជារៀងរាល់ឆ្នាំ។

ជាការឆ្លើយតប សម្ដេចតេជោប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះលោកស្រីឯកអគ្គរដ្ឋទូត ដែលបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការជូនពរពីប្រធានាធិបតី ប្រធានសភា និងនាយករដ្ឋមន្ត្រីគុយបា ជូនចំពោះសម្ដេចតេជោ។

សម្ដេចតេជោបានរំព្ញកថា ប្រទេសយើងទាំងពីរមានទំនាក់ទំនងយូរអង្វែង ចាប់ពីតាំងពីបានឯករាជ្យមករៀងៗខ្លួនមក។ នៅឆ្នាំ១៩៧៩ សាធារណរដ្ឋគុយបា បានទទួលស្គាល់សាធារណរដ្ឋប្រជាមានិតកម្ពុជា ហើយបានផ្ដល់ជំនួយ និងការជួយដោះស្រាយបញ្ហាផ្សេងៗ នៅលើឆាកអន្តរជាតិទៀតផង។ ក្នុងឱកាសនោះដែរ សម្ដេចតេជោ បានរំលឹកពីអនុស្សាវរីយ៍ ដែលមានការជ្រោមជ្រែង ជួយពីសំណាក់ប្រធានាធិបតី ហ្វីដែល កាស្ត្រូ ក្នុងការធ្វើឱ្យអាសនៈរបស់កម្ពុជា នៅក្នុងចលនាមិនចូលបក្សសម្ព័ន្ធនៅទំនេរ ខណៈពេលនោះ ខ្មែរក្រហមកាន់កាប់អាសនៈកម្ពុជា នៅអង្គការសហប្រជាជាតិ។

សម្ដេចតេជោ បានរំលឹកអនុស្សាវរីយ៍ក្នុងដំណើរទស្សនកិច្ច នៅសាធារណរដ្ឋគុយបា ពិសេសទស្សនកិច្ចឆ្នាំ១៩៩៩ ឆ្នាំ ២០០០ និង ឆ្នាំ២០២២កន្លងមកនេះ ដែលសម្ដេចតេជោបានធ្វើការចរចា និងពិភាក្សាយ៉ាងល្អិតល្អន់ ស្តីពីការជំរុញទំនាក់ទំនងទ្វេភាគី និងសភាពការណ៍ផ្លាស់ប្ដូរ នៅលើសកលលោក ជាមួយថ្នាក់ដឹកនាំកំពូល របស់សាធារណរដ្ឋគុយបា។

ទាក់ទងនឹងទំនាក់ទំនងទ្វេភាគី សម្ដេចតេជោបានរំឭកថា យើងមានកិច្ចព្រមព្រៀង និងអនុស្សរណៈជាច្រើន សម្រាប់កិច្ចសហការរបស់យើង ។ យើងត្រូវជំរុញអនុវត្តរាល់កិច្ចព្រមព្រៀង និងអនុស្សរណៈដែលមានស្រាប់ និងស្វែងរកអ្វីដែលអាចធ្វើបានបន្ថែមទៀត ដោយសារប្រទេសយើងទាំងពីរ មានសក្តានុពលយ៉ាងច្រើន។

លោកស្រីឯកអគ្គរដ្ឋទូត បានសម្ដែងនូវសេចក្តីរីករាយ ដែលបានស្ដាប់នូវអនុស្សាវរីយ៍របស់សម្ដេចតេជោ នៅក្នុងសាធារណរដ្ឋគុយបាកន្លងមក ដែលពេលនោះ សម្ដេចតេជោបានពិភាក្សាជាមួយ អគ្គបញ្ជាការគុយបា ជុំវិញការការពារប្រទេស របស់សាធារណរដ្ឋគុយបា ដែលបានខិតខំតស៊ូ ដើម្បីសង្គមសមភាពនិងយុត្តិធម៌ ហើយលោកស្រីក៏បានចាត់ទុកថា មិត្តភាពរវាងកម្ពុជា និងគុយបា គឺស្ថិតលើការកសាងជាតិ និងសន្តិសុខ ដោយប្រទេសទាំងពីរក៏ជាសមាជិកមិនចូលបក្សសម្ព័ន្ធដូចគ្នា។

លោកស្រីឯកអគ្គរដ្ឋទូត បានគោរពជូនពរ សម្ដេចតេជោប្រធានព្រឹទ្ធសភា សូមទទួលបានសុខភាពល្អ និងអាយុវែង ដើម្បីស្ថិរភាព សន្តិសុខ និងសន្តិភាពយូរអង្វែងរបស់កម្ពុជា និងបានអរគុណ សម្ដេចតេជោ ដែលបានចាត់ទុក សាធារណរដ្ឋគុយបា គឺជាបងប្អូន។

សម្ដេចតេជោប្រធានព្រឹទ្ធសភា បានស្នើឱ្យលោកស្រីឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ធ្វើការពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងពរជ័យជូនចំពោះ ប្រធានាធិបតី នាយករដ្ឋមន្រ្តី និងប្រធានសភា សាធារណរដ្ឋគុយបាផងដែរ៕