(ភ្នំពេញ)៖ ដោយបានការអនុញ្ញាតពីក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នឹងដឹកនាំប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។

ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ឧត្តមសេនីយ៍ឯកបម្រុង ទៀន វ៉ាន់ទៀ (Nguyen Van Nghia) អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម។

បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញ Fresh News ទទួលបាន ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នឹងជួបសម្តែងការគួរសម ជាមួយឧត្តមសេនីយ៍ឯកបម្រុង ទៀង ឥនគ្រឿង (Nguyen Tan Cuong) អនុរដ្ឋមន្ត្រី ក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម និងជួបពិភាក្សាទ្វេភាគីជាមួយសមភាគី ឧត្តមសេនីយ៍ឯក ង្វៀន វ៉ាន់នៀ (Nguyen Van Nghia) ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើវិស័យយោធារវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺនឹងបង្ហាញពីការធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនូវ ទំនាក់ទំនងដ៏យូរអង្វែង ដោយឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែងរវាងកម្ពុជា និងវៀតណាម ក៏ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ ប្រជាជននៃប្រជាជាតិទាំងពីរផងដែរ»