(សៀមរាប)៖ កំឡុងសប្តាហ៍ទី៤ នៃខែឧសភា ឆ្នាំ២០២៤នេះ (ចាប់ពីថ្ងៃទី២៧-៣១ ខែឧសភា) ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ បានបន្តចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ និងសំណង់សាធារណៈផ្សេងៗសរុបចំនួន១៩ករណី។

ក្នុងរយៈពេលមួយសប្តាហ៍នេះ នាយកដ្ឋានបានអនុញ្ញាតចំនួន៨ករណីជូនដល់ប្រជាពលរដ្ឋ ដែលជាអ្នកស្រុកចាស់ដែលទីតាំងស្នើសុំពួកគាត់មានសំណង់នៅក្នុងទិន្នន័យរូបភាពពីលើអាកាសឆ្នាំ២០០៤ (បានចុះពិនិត្យកន្លងមក)។

ទីតាំងដែលបានអនុញ្ញាតនោះរួមមាន៖

* ស្រុកបន្ទាយស្រី មាន៣ករណី
* ស្រុកប្រាសាទបាគងមាន១ករណី
* ស្រុកពួក មាន២ករណី
* ក្រុងសៀមរាប មាន១ករណី
* ស្រុកអង្គរធំ មាន១ករណី

សូមបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតខាងលើ ក្រុមការងារបច្ចេកទេសបានជួយរៀបចំគំនូសប្លង់ ដែលមានស្ថាបត្យកម្មបែបប្រពៃណីជូនផងដែរ ហើយរាល់ការដាក់ពាក្យស្នើសុំច្បាប់ ចុះពិនិត្យ គូរប្លង់ និងអនុញ្ញាត គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ។

អាជ្ញាធរជាតិអប្សរាបានសំណូមពរដល់ប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាត បានសាងសង់ឱ្យស្របតាមលក្ខណៈបច្ចេកទេស និងប្លង់ស្ថាបត្យកម្មដែលភ្ជាប់ជាមួយលិខិតអនុញ្ញាតផងដែរ៕