(ភ្នំពេញ)៖ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានថ្លែងថា ការប្តូរការសិក្សារបស់កូន ពីសាលាមួយទៅសាលាមួយ នាំឱ្យប៉ះពាល់ដល់អារម្មណ៍របស់ពួកគេ។ ការប៉ពាល់អារម្មណ៍បែបនេះ ជាហេតុនាំឱ្យពួកគេមានបញ្ហាផ្លូវចិត្ត និងរៀនមិនបានល្អផងដែរ។

អ្នកជំនាញវិស័យអប់រំ បានលើកឡើងទៀតថា ការផ្លាស់ប្តូរការសិក្សារបស់កូន បណ្តាលមកពីកត្តាផ្សេងៗ បញ្ហាចម្បងនោះ អាចបណ្តាលមកពីឪពុកម្តាយខ្វះថវិកាក្នុងការទំនុកបម្រុងកូនៗ។ កង្វះខាត នៃថវិកា នាំឱ្យឪពុកម្តាយសម្រេចចិត្តប្តូរសាលាកូន ទៅរកសាលាដែលពួកគាត់មានលទ្ធភាព។

ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី នៅក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង(ការិយាល័យកណ្ដាល) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី (PF) នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ។

បើតាមការសិក្សាស្រាវជ្រាវ កុមារអាចមានអារម្មណ៍ភ័យខ្លាច ឬព្រួយបារម្ភអំពីការចាប់ផ្តើមនៅសាលាថ្មី បង្កើតមិត្តថ្មី និងសម្របខ្លួនទៅនឹងទម្លាប់ថ្មី។ នេះអាចបណ្តាលឱ្យមានការមិនសប្បាយចិត្ត ការខ្វល់ខ្វាយ និងការភ័យខ្លាច ដែលប៉ះពាល់ដល់សមត្ថភាពរបស់ពួកគេក្នុងការផ្តោតទៅលើការសិក្សារបស់ពួកគេ។ កុមារ អាចរងផលប៉ះពាល់ផ្លូវចិត្តនៅពេលផ្លាស់ទៅសាលាថ្មី។ ជាមួយគ្នានេះ ភាពសោកសៅក៏ជាផ្នែកមួយនៃដំណើរការផងដែរ។

លោក ឃុន ដាវុធ អគ្គនាយកផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការស្តីទី (COO) នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី បានសម្តែងនូវការសាទរចំពោះភាពជាដៃគូនេះ ដោយលោកបានលើកឡើងថា អ្វីដែលធ្វើឱ្យយើងខុសប្លែកពីអ្នកដទៃ គឺការប្តេជ្ញាចិត្តរបស់យើងចំពោះដំណើរការផ្តល់នូវឥណទានយ៉ាងរលូន ដោយយើងផ្ដោតសំខាន់លើវិស័យអប់រំ ព្រមទាំងការផ្តល់លទ្ធភាពទៅកាន់ប្រជាពលរដ្ឋតាមរយៈកម្ចីជាការផ្តល់ឥណទានទូទៅផងដែរ។ ​

អនុស្សរណៈយោគយល់គ្នានេះ បានបង្ហាញពីការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព តាមរយៈការដាក់ឱ្យប្រើប្រាស់នូវកម្មវិធីផ្ដល់កម្ចីឥណទានលើការបង់ថ្លៃសិក្សា ដែលនឹងត្រួសត្រាយផ្លូវ ដើម្បីជួយបំពេញតម្រូវការហិរញ្ញវត្ថុរបស់អាណាព្យាបាលសិស្សានុសិស្ស នៅកម្ពុជា៕