(សៀមរាប)៖ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានបើកសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោះជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក  ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តសៀមរាប។

ពិធីនេះ ក្រោមវត្តមានលោក ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន និងលោក គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្ត, លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត ដោយមានការចូលរួមពីលោក លោកស្រី ជាគណៈអភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ តំណាងគណបក្សនយោបាយ និងមន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត សរុបប្រមាណ ១៧០នាក់ដែលបានចូលរួម។

ក្នុងកិច្ចស្វាគមន៍របស់លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានលើកឡើងថា អង្គសន្និបាតនេះ ធ្វើឡើងក្នុងគោលបំណងធ្វើការបូកសរុបលទ្ធផល និងវាយតម្លៃ ព្រមទាំងធ្វើការស្វែងយល់ ពីចំណុចខ្លាំង និងបញ្ហាប្រឈម ក្នុងការបោះឆ្នោតនាពេលកន្លងមក ដើមី្បសម្រាប់ជាបទពិសោធន៍ និងធ្វើការកែលម្ល ក្នុងការបោះឆ្នោត នៅពេលក្រោយៗទៀត ឲ្យទទួលបានលទ្ធផលល្អឡើង សំដៅទៅលើការរៀបចំ ការបោះឆ្នោតឲ្យប្រព្រឹត្តទៅមានលក្ខណៈ សេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព និងទទួលយកបាននូវលទ្ធផលនៃការបោះឆ្នោត ដោយមានការទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ 

លោក អ៊ឹង គឹមលាង ក៏បានធ្វើការឯកភាព និងវាយតម្លៃខ្ពស់ ទៅលើលទ្ធផលការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោះជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ព្រមទាំងបានក្រើនរំលឹកដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ជំរុញដល់គ្រប់គ្រឹះស្ថានសិក្សា ទាំងរដ្ឋ និងឯកជន និងសិស្សានុសិស្សដែលគ្រប់អាយុ១៨ឆ្នាំ ក៏ដូចអាជ្ញាធរឃុំ សង្កាត់ ឲ្យទៅចុះឈ្មោះបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ ព្រមទាំងសូមឲ្យគ្រប់គណបក្សនយោបាយទាំងអស់ ត្រូវចូលរួមក្នុងកិច្ចកសាងសមទ្ធិផលជាតិ ដើមី្បជាផលប្រយោជន៍ជាតិ និងសហគមន៍ខ្លួនផងដែរ។

លោក ឌឹម សុវណ្ណារុំ បានធ្វើការវាយតម្លៃខ្ពស់ ទៅលើលទ្ធផលនៃរបាយការណ៍របស់ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប ដែលបានអនុវត្តការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោះជ្រើសរើសក្រុមប្រឹក្សារខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ដែលទទួលបាននូវលទ្ធផលជាផ្លែផ្កា ដែលធ្វើឲ្យបេះដូងនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែធ្វើឲ្យប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ បានទទួលស្គាល់ផងដែរ។

លោក ឌឹម សុវណ្ណារុំ ក៏បានធ្វើបកស្រាយ និងធ្វើការពន្យល់បន្ថែម នូវរាល់សំណួរសំណូមពរដែល សមាជិកអង្គសន្និបាតបានលើកឡើង ព្រមទាំងបានផ្តល់នូវបទពិសោធន៍ និងអនុសាសន៍ល្អៗមួយចំនួន សម្រាប់គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត និងអាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ យកទៅអនុវត្តបន្ត ឲ្យស្របទៅតាមច្បាប់នៃការបោះឆ្នោត។ ឆ្លៀតក្នុងឱកាសនោះ លោកក៏បានធ្វើការក្រើនរំលឹក និងជម្រុញដល់រដ្ឋបាលក្រុង ស្រុក ធ្វើការជម្រុញដល់រដ្ឋបាលឃុំ សង្កាត់ ធ្វើនូវបច្ចុប្បន្នភាពនៃអ្នកគ្រប់អាយុ ត្រូវចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា។

លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ថា ឆ្នាំ២០២៤នេះ កម្ពុជាយើងបានរៀបចំធ្វើការបោះឆ្នោតអសកល ចំនួនពីរ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោះជ្រើសរើសក្រុមប្រឹក្សារខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤។

សូមបញ្ជាក់ថា ខេត្តសៀមរាប ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានគណបក្សនយោបាយ ចំនួន៤ចូលរួម ហើយការបោះឆ្នោះជ្រើសរើសក្រុមប្រឹក្សារខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ មានគណបក្សនយោបាយចំនួន ៥ចូលរួម គឺ គណបក្សប្រជាជនកម្ពុជា ,គណបក្សឆន្ទះខ្មែរ , គណបក្សកម្លាំងជាតិ ,គណបក្សខ្មែររួបរួមជាតិ និងគណបក្ហ្វុនស៊ិនប៉ិច ដែលបានប្រព្រឹត្តទៅប្រកបដោយ ឯករាជ្យ អព្យាក្រឹត្យ សច្ចះ យុត្តិធម៌ តម្លាភាព គ្មានអំពើហិង្សា និងការគម្រាមកំហែង ស្របតាម គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ៕