(ស្វាយរៀង)៖ លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង បានឲ្យដឹងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ថា ក្រោមការដឹកនាំរបស់លោកដែលជាប្រធានមន្ទីរ បានបង្កើតក្រុមការងារសម្របសម្រួល ការងារវះកាត់របស់មន្ទីរពេទ្យបង្អែករមាសហែក និងបានផ្ដល់សេវាវះកាត់ជាលើកដំបូងរបស់ខ្លួនបាន២ករណី ប្រកបដោយជោគជ័យ សុវត្ថិភាព និងទំនុកចិត្តខ្ពស់ជូនប្រជាពលរដ្ឋ ដោយករណីទី១ វះពោះវៀនខ្នែង ករណី២ វះពោះវៀនធ្លាក់ចូលពងស្វាស។

លោកវេជ្ជបណ្ឌិត គុជ ស៊ីថា បានឲ្យដឹងទៀតថា អគារមន្ទីរពេទ្យបង្អែករមាសហែកថ្មី ត្រូវបានកកើតឡើងក្រោមការឧបត្ថម្ភពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុករមាសហែក។

លោកវេជ្ជបណ្ឌិតបានបន្តថា អគារមន្ទីរពេទ្យបង្អែកថ្មីនេះ មានទីតាំងនៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ដែលត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ និងបានបញ្ចប់ការសាងសង់ ជាស្ថាពរនៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២៣ ហើយត្រូវបានដាក់ឱ្យដំណើរការប្រើប្រាស់នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។

ជាមួយគ្នានេះ មន្ទីរពេទ្យបង្អែកថ្មីនេះ មានលទ្ធភាពផ្តល់សេវាគ្របដណ្តប់លើ១៦ឃុំ (២០៤ភូមិ) ដែលមានមានប្រជាជនសរុប ១៥៤៤៥៣នាក់ ស្រី៧៦៧៦២នាក់។

ផ្នែកផ្តល់សេវា សង្គ្រោះបន្ទាន់ជំងឺទូទៅ និងជំងឺឆ្លង របួស-វះកាត់ សម្ភព-រោគស្រ្តី ជំងឺកុមារ ពិគ្រោះជំងឺក្រៅ ពិនិត្យភ្នែកវាស់កាត់វ៉ែនតា សុខភាពផ្លូវចិត្ត និងបំពានគ្រឿងញៀន សុខភាពមាត់ធ្មេញ គ្លីនិកជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម (មពជ) កន្លែងផ្តល់ប្រឹក្សាធ្វើតេស្តឈាមរកមេរោគអេដស៍ដោយរក្សាការសំងាត់ ផ្នែកជំងឺកាមរោគ កម្មវិធីបង្ការការចម្លងមេរោគអេដស៍ពីម្តាយទៅកូន ព្យាបាលជំងឺឱកាសនិយម និងផ្តល់ឱសថពន្យា សេវាអមគ្លីនិច (វិទ្យុសាស្ត្រ អេកូសាស្ត្រ មន្ទីរពិសោធន៍ វាស់ចង្វាក់បេះដូង) ផ្នែករដ្ឋបាលនិងឃ្លាំងឱសថ៕