(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៃព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូ លេខាធិការដ្ឋានអាស៊ាន មកចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ (AMMSTI-20) នៅខេត្តសៀមរាបពីថ្ងៃទី ៦ ដល់ ៧ ខែមិថុនា ឆ្នាំ២០២៤។

អគ្គលេខាធិការអាស៊ាន ត្រូវបានអញ្ជើញឱ្យថ្លែងសន្ទរកថាស្វាគមន៍ នៅក្នុងពិធីបើកកិច្ចប្រជុំ AMMSTI-20។ ក្នុងអំឡុងពេលស្នាក់នៅខេត្តសៀមរាប ឯកឧត្តមបណ្ឌិត កៅ គឹមហួន គ្រោងជួបទ្វេភាគីជាមួយបណ្តារដ្ឋមន្ត្រីពីប្រទេស សមាជិកអាស៊ានមួយចំនួន រួមទាំងលោក ហែម វណ្ណឌី និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ AMMSTI-20 ព្រមទាំងលោក Chang Lih Kang រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ប្រទេសម៉ាឡេស៊ី។

នៅក្រោមប្រធានបទប្រកបដោយចក្ខុវិស័យវែងឆ្ងាយ «បញ្ញាសិប្បនិម្មិត៖ តម្រង់ទៅអនាគត» កិច្ចប្រជុំឆ្នាំនេះ ផ្តោតលើការពិភាក្សាជាយុទ្ធសាស្ត្រ ពាក់ព័ន្ធនឹងសមាហរណកម្មបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្នុងវិស័យរដ្ឋ និងឯកជននៅទូទាំងតំបន់៕