(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តបាត់ដំបង បានជំរុញឲ្យអាជ្ញាធរ ក្រុង ស្រុកទាំង១៤ ត្រូវទប់ស្កាត់ ឲ្យបានគ្រប់បទល្មើសដែលកើតឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងដោះស្រាយបញ្ហាផ្សេងៗដោយអនុវត្តទៅតាមជាក់ស្តែង និងតាមផ្លូវច្បាប់និងបន្តធ្វើជាប្រចាំឲ្យខាងតែបាន។

លោកបានថ្លែងបែបនេះ នៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំអគារ E សាលាខេត្តបាត់ដំបង។ កិច្ចប្រជុំនេះក៏មានការចូលរួមពីលោកអភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី អភិបាល ក្រុង ស្រុកទាំង១៤ កងកម្លាំងទាំងបីលោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ អង្គភាព ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀតចូលរួមផងដែរ។

លោក សុខ លូ បានថ្លែងណែនាំដល់រដ្ឋបាលក្រុង ស្រុក អាជ្ញាធរ មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវខិតខំបន្តនិរន្ដរភាពការងារនេះឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដោយមិនត្រូវបន្ធូដៃឡើយ ពោលគឺត្រូវខិតខំធ្វើយ៉ាងណា ឲ្យបានម៉ត់ចត់នូវលទ្ធផលការងារកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុន។

លោក ក៏បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តធ្វើថែមទៀត គឺពង្រឹងនិងបង្រ្កាបរាល់បទល្មើសដូចជា បទល្មើសព្រៃលិចទឹក បទល្មើសនេសាទ បទល្មើស រំលោភទន្ទ្រានយកដីរដ្ឋក្នុងតំបន់ហាមឃាត់ ដើម្បីធ្វើស្រែ និងឈានដល់ទាមទារយកដីរដ្ឋធ្វើជាកម្មសិទ្ធ ត្រូវបង្រ្កាបឲ្យទាន់ពេលវេលា ទំនាស់ដីធ្លីនៅតាមគ្រប់ទីកន្លែង និងជាពិសេសស្រុកជុំវិញបឹងទន្លេសាប ។

លោកបានបន្តថា រាល់គ្រប់បទល្មើសទាំងអស់ មានដូចជា ដីព្រៃលិចទឹក ក្នុងតំបន់៣ ឆ្វៀល ទន្រ្ទានយកដីដោយខុសច្បាប់ ដែលអាជ្ញាធរ សមត្ថកិច្ចចាប់ខ្លួនបានហើយ រឿងខ្លះយើងមិនត្រូវធ្វើការអប់រំដោះលែងនោះឡើយ គឺត្រូវចាត់បញ្ជូនខ្លួនជនល្មើសទៅសាលាដំបូងខេត្តដោយអនុវត្តតាមនីតិវិធីច្បាប់ ។

លោកបានបន្តទៀតថា ពិសេសបទល្មើសគ្រឿងញៀន ក្មេងទំនើង អំពើលួចយ៉ាងសកម្ម បទល្មើសផ្សេងទៀតតែងតែកើតមានឡើងដោយសារកត្តាជាមូលដ្ឋាននោះ គឺមកពីកត្តាគ្រឿងញៀន អ្នកញៀនថ្នាំជាប្រចាំ បានបង្កអុកឡុកនៅពេលយប់តាមដងផ្លូវនិងនៅតាមផ្ទះប្រជាពលរដ្ឋគ្រប់ទីកន្លែង កន្លងមក។

ក្នុងឱកាសនោះ លោក ធូ ភា អភិបាលរងខេត្ត និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានលើកឡើងថា នៅចុងខែមិថុនានេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងត្រៀមរៀបចំពិធីដុតបំផ្លាញគ្រឿងញៀននៅខេត្តបាត់ដំបង ដោយធ្វើមានលក្ខណ:ពិសេសជាងឆ្នាំមុនៗ។ ក្នុងនោះដែរលោក អភិបាលស្រុកនានា អង្គភាពពាក់ព័ន្ធ ដែលនៅជាប់បឹងទន្លេសាបបានរាយការថា ការបោះបង្គោលនៅតាមព្រំដីព្រំប្រទល់ដីក្នុងដែនដីនៅជាប់ទន្លេសាបជាសមត្ថកិច្ចអាជ្ញាធរទន្លេសាប ឬ ជាសមត្ថកិច្ចរបស់ខាងណាឲ្យពិតប្រាកដនិងមានការទទួលខុសត្រូវផងដែរ។

លោក អភិបាលខេត្ត បានជម្រុញបន្ថែមថា យើងទាំងអស់គ្នា ត្រូវដឹងនិងចុះសួរសុខទុក្ខពលរដ្ឋជាប្រចាំថែមទាំងខិតខំបម្រើសេវាជូនប្រជាពលរដ្ឋលើគ្រប់វិស័យ និងឲ្យបានទាន់ពេលវេលា ជូនពួកគាត់ រស់នៅបានសុខសប្បាយប្រចាំថ្ងៃ នៅតាមមូលដ្ឋាននានាក្នុងក្រុង ស្រុក នៃខេត្តបាត់ដំបងយើងឲ្យបានល្អកាន់តែប្រសើរជាងមុន។

ជាចុងក្រោយ លោក សុខ លូ បានរំលឹកថា យើងនឹងធ្វើយុទ្ធនាការដាំដើមឈើនាពេលខាងមុខនេះ គឺយើងចាប់ផ្តើមមុនគេនៅក្នុងក្រុងបាត់ដំបង ហើយយើងកំណត់ស្តង់ដារ យកដើមឈើកម្ពស់២ម៉ែត្រដោយ ក្រោមទិសស្លោកថា «១គ្រួសារត្រូវដាំឈើបាន១ដើម» តាមគម្រោងក្នុងក្រុងត្រូវដាំជាង៣ម៉ឺនដើម រួចប្រគល់ឲ្យម្ចាស់ផ្ទះប្រជាពលរដ្ឋនៅមុខផ្ទះនោះទទួលខុសត្រូវថែរក្សា។ សម្រាប់ស្រុកនានា ក៏ត្រូវដាំដើមឈើតាមទីប្រជុំជនឲ្យបានគ្រប់ស្រុក ដើម្បីសោភ័ណភាពបរិស្ថាន ទេសចរណ៍ ទីក្រុងស្អាត យើងផងដែរ៕