(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ គណៈកម្មការអន្ដរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងនាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ និងដោយមានការចូលរួមពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានធ្វើការចុះត្រួតពិនិត្យ វាយតម្លៃប្រគល់-ទទួលបញ្ចប់ជាស្ថាពរ

រយៈពេលធានាសុពលភាពការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន០១ខ្សែ ប្រវែង៧០៥០ម៉ែត្រ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។

ការស្ថាបនាផ្លូវមួយខ្សែនេះចែកចេញជាពីកំណាត់ ដោយកំណាត់ទី១ មានប្រវែង៣២៥០ម៉ែត្រ ទទឹង៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលល្បាយក្រួសទទឹងម្ខាងៗ ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់់លូប្រអប់មុខមួយចំនួន ០១កន្លែងលូមូលមុខពីរចំនួន ០១កន្លែង និងលូមូលមុខមួយចំនួន ០១កន្លែងស្ថិតនៅភូមិត្រាំ ទៅភូមិសែនពេន ឃុំត្នោតជុំ ស្រុកក្រគរ ។ ចំពោះកំណាត់ទី២ មានប្រវែង ៣៨០០ម៉ែត្រ ទទឹង៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលល្បាយក្រួសទទឹងម្ខាងៗ ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ស្ថាបនាលូមូលមុខពីរចំនួន ០២កន្លែង និងលូមូលមុខមួយចំនួន ០៣កន្លែង ស្ថិតនៅភូមិត្បែងជុំ ទៅភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ។ ក្រោយស្ថាបនារួច ផ្លូវ១ខ្សែនេះបាន ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងការធ្វើចរាចរណ៍ទៅមក ការដឹកជញ្ជូនកសិផល ទៅសាលារៀន មន្ទីរពេទ្យ ជាដើម ។

បន្ទាប់ពីបានចុះត្រួតពិនិត្យជាក់ស្តែង និងស្តាប់ការរាយការណ៍របស់តំណាងអ្នកទទួលការ និងមន្ត្រីបច្ចេកទេសនាយកដ្ឋានផ្លូវលំជនបទ អំពីស្ថានភាពថែទាំសុពលភាពសំណង់ផ្លូវ និងលូខាងលើរួចមក គណៈប្រតិភូអន្តរក្រសួង រួមទាំងនាយកដ្ឋានជាមន្រ្តីត្រួតពិនិត្យបច្ចេកទេសរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គណៈកម្មការឯកភាពទទួលយកលទ្ធផល នៃការអនុវត្តការងាររបស់ នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ បញ្ចប់សុពលភាពការងារដោយរក្សាបាននូវគុណភាព និងសោភ័ណភាពល្អដដែល។

ក្នុងនោះដែរ គណៈប្រតិភូអន្តរក្រសួងសំណូមពរអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ដែលមាននាទីទទួលបន្ទុកថែទាំបន្ត ដោយសហការណែនាំឱ្យប្រជាពលរដ្ឋចូលរួមក្នុងការថែទាំផ្លូវ និងលូខាងលើ ឱ្យបានល្អប្រសើរប្រកបដោយគុណភាព ត្រូវមានការយាមកាមយ៉ាងហ្មត់ចត់ ដើម្បីរក្សាគុណភាពផ្លូវ និងលូអោយបានគង់វង្សយូរអង្វែង ហើយចាត់ទុកថាផ្លូវ និងលូនេះជារបស់ពួកគាត់ ៕