(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង នាល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ជាមួយនិងព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្ត កំលាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធាន អនុប្រធានអង្គភាពដែលពាក់ព័ន្ធ អធិការក្រុង ស្រុកទាំង៦ នាយប៉ុស្តិ៍នគរបាលទាំង៣៤ ដើម្បីអនុវត្តនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឲ្យបានម៉ឺងម៉ាត់ បង្រ្កាបក្មេងទំនើងដែលបង្កអសន្តិសុខនៅគ្រប់ទីកន្លែងក្នុងមូលដ្ឋាន។

ការកើតឡើងជាញឹកញាប់នូវសកម្មភាពក្រុមក្មេងទំនើង ដែលបង្កភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ ដោយរួមទាំងការប្រព្រឹត្តអំពើហិង្សា និងមានទាំងការប្រើប្រាស់អាវុធ ដូចជាកាំបិត ដាវ ពូថៅ ជាដើម ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់សាធារណៈ សន្តិសុខសង្គម ពិសេស ភាពសុខសាន្តរបស់ប្រជាជន។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ បានដាក់បទបញ្ជា ឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវរឹតបន្តឹងការចាត់វិធានការ ឲ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាលក្នុងការបង្ការទប់ស្កាត់ ទាំងវិធានការអនុវត្តច្បាប់ ដោយគ្មានការបន្ធូរបន្ថយ និងដោយគ្មានការលើកលែង ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ, សន្តិសុខសង្គម, សេចក្តីថ្លៃថ្នូររបស់សង្គមជាតិ ពិសេស ភាពសុខសាន្តរបស់ប្រជាជនក្នុងសហគមន៍។ ហើយបានអំពាវនាវឲ្យស្ថាប័នអយ្យការ និង ស្ថាប័នតុលាការ មានវិធានការអនុវត្តច្បាប់ ឲ្យបានម៉ឺងម៉ាត់ ក្នុងការចាត់ការលើសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងទាំងនេះ ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ដើម្បីការការពារសង្គមជាតិ និងភាពសុខសាន្តរបស់ប្រជាជន។

នៅក្នុងអង្គប្រជុំគណៈបញ្ជាការឯកភាពរដ្ឋខេត្ត បានចង្អុលបង្ហាញដល់កំលាំងប្រដាប់អាវុធទាំង៣ប្រភេទ នគរបាលប៉ុស្តិ៍ទាំងអស់ត្រូវអនុវត្តបទបញ្ជាបង្រ្កាបក្មេងទំនើងដើម្បីធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។

លោក សែន វ៉ាន់ស៊ីម អភិបាលរងខេត្ដ បានគូសបញ្ជាក់ថា រយៈពេល២សប្តាហ៍ នៃការអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលសកម្មភាពក្មេងទំនើង ត្រូវបានបង្ការ និងទប់ស្កាត់តាមរយៈការល្បាត ជាប្រចាំក្នុងនោះសមត្ថកិច្ចនគរបាល ក៏បានធ្វើការបង្រ្កាបសកម្មភាពក្មេងទំនើងទូទាំងខេត្តស្ទឹងត្រែង បង្រ្កាបចំនួន៧លើក កំលាំងជំនាញនៃស្នងការនគរបាលខេត្ត បង្រ្កាបក្មេងទំនើង បានឃាត់ខ្លួនចំនួន២៩នាក់ ចាប់យកវត្ថុតាង កាំបិត៥ដើម ម៉ូតូ និងទូរស័ព្ទដៃ កំលាំងជំនាញធ្វើការអប់រំណែនាំកិច្ចសន្យាទៅលំនៅឋានវិញ៣លើក ចំនួន១០នាក់ និងបញ្ជូនទៅអយ្យការអម សាលាដំបូងខេត្តដើម្បីចាត់ការ តាមនិតិវិធីចំនួន៤លើក លើក្មេងទំនើងចំនួន១៩នាក់។

ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានលើកឡើងថា ក្នុងករណីអនុវត្តតាមបទបញ្ចារបស់ប្រមុខរាជរដ្ឋាភិបាល ឃើញថា ក្មេងទំនើងដែលតែងតែបង្កអសន្តិសុខនៅខេត្តស្ទឹងត្រែង គឺមានការថយចុះគួរឲ្យកត់សំគាល់ ដែលកំលាំងនគរបាល និងកំលាំងអាវុធហត្ថ អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ត្រូវបន្តអនុវត្តជាប្រចាំ ទោះមាន រឺគ្មានបទបញ្ជា ក៏កំលាំងនគរបាល កំលាំងអាវុធហត្ថត្រូវអនុវត្តដូច ភ្លៀងរលឹមដើម្បីលុបបំបាត់ក្មេងទំនើង រក្សាបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិ៕