(ភ្នំពេញ)៖ ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ នៅព្រឹកថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ បាននិមន្តចុះអប់រំសីលធម៌ ដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស វិទ្យាល័យហ៊ុនសែន ប៊ុនរ៉ានី អរុណវរតី ចំនួន ១៥៧៧នាក់ លោកគ្រូអ្នកគ្រូ ៧៩នាក់ ស្ថិតនៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កម្មវិធីអប់រំសីលធម៌នេះ ក្រោមប្រធានបទ «គុណមាតាបិតា, ល្អ៥ ប្រការគឺ ជាកូនល្អ ជាពលរដ្ឋ ជាសិស្សល្អ ជាមិត្តល្អ ជាពុទ្ធបរិស័ទល្អ និងគ្រឿងញៀនបំផ្លាញនូវស្មារតី»។

កម្មវិធីនេះមានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ សមាជិកសមាជិកា និងយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ មន្រ្តីសង្ឃខណ្ឌកំបូល ព្រះថេរានុថេរ និងមន្រ្តីនៃសាលាខណ្ឌកំបូល និងពោធិ៍សែនជ័យ។

កម្មវិធីនេះធ្វើឡើងដើម្បីបញ្រ្ជាបអំពី សីលធម៌ គុណធម៌ និងអំពីគុណមាតាបិតា ដើម្បីបានជាការដល់ដឹងអំពីតម្លៃនៃគុណធម៌ក្នុងសង្គម ពិសេសព្រះអង្គប្រធានបានពន្យល់និងបង្ហាញអំពីទោសនៃការសេពគ្រឿងស្រវឹង និងគ្រឿងញៀនផ្សេងៗ ដែលជាហេតុនាំឲ្យសង្គមបាត់បង់នូវធនធានល្អៗដែលត្រូវបន្តវេន៕