(កណ្ដាល)៖ សាលាដំបូងខេត្ដកណ្ដាល បានសម្រេចឃុំខ្លួន ឧក្រិដ្ឋជន៤នាក់ ដែលប្រព្រឹត្តបទល្មើសកែច្នៃ និងជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ នៅភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ក្រោយសមត្ថកិច្ចបង្ក្រាបបានជាមួយថ្នាំញៀនជាង ១៦គីឡូក្រាម និងសារធាតុគីមីផ្សំជិត ៧០០គីឡូក្រាម។ នេះបើតាមដីកាបង្គាប់ឲ្យឃុំខ្លួន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤។

សូមជម្រាបថា កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណីកែច្នៃ រក្សាទុក ដឹកជញ្ជូន និងជួញដូរសារធាតុញៀន ដោយឃាត់ខ្លួនជនល្មើសចំនួន ៤នាក់ រឹបអូសថ្នាំញៀនជាង ១៦គីឡូក្រាម និងសារធាតុគីមីផ្សំជិត ៧០០គីឡូក្រាម ស្ថិតនៅភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល។

ការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់ថា ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៤៖៣០នាទី ដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ និងស្នងការដ្ឋានខេត្តកណ្តាល ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក ខា ដែនណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សារទុក ជួញដូរ និងកែច្នៃ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅ ២គោលដៅ៖ គោលដៅទី១ ផ្ទះលេខ៣២២ ផ្លូវបេតុង ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល និងគោលដៅទី២ នៅខុនដូរដឺប្លេស បន្ទប់លេខ៩១០ ជាន់ទី៩ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯកបន្តថា ការបង្ក្រាបនេះកម្លាំងជំនាញបានចាប់ខ្លួនជនល្មើស ៤នាក់ រួមមាន៖ ១.ឈ្មោះ សា រ៉ហ្សាន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ, ២.ឈ្មោះ សា ម៉ាត់សាត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ, ៣.ឈ្មោះ ហៃ សុខា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ និង៤.ឈ្មោះ សៅ សុវណ្ណ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ។

ចំពោះវត្ថុតាងចាប់យករួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (MDMA) ទម្ងន់ ១៤៩៤៥,៧១ ក្រាម, គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (WY) ទម្ងន់ ៨៥,៦៤ក្រាម, គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICY) ទម្ងន់ ១០៤៨,៦០ក្រាម, គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ ៦៦,៧០ក្រាម។ គ្រឿងញៀនសរុបទម្ងន់ ១៦១៤៦,៦៥ក្រាម (១៦គីឡូ ១៤៦,៦៥ក្រាម) និងសារធាតុគីមីផ្សំ ទម្ងន់សរុប ៦៨៦៨៧១,៥២ក្រាម (៦៨៥គីឡូ ៣៧១,៥២ក្រាម) រួមជាមួយឧបករណ៍ និងសម្ភារផលិតមួយចំនួនធំ។

បច្ចុប្បន្នជនល្មើស និងវត្ថុតាងខាងលើ ត្រូវមន្ទីរប្រឆាំងគ្រឿងញៀនធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពបំផុត ដូច្នេះហើយទើបនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យ មន្ទីរប្រឆាំងគ្រឿងញៀនប្រើកណ្តាប់ដៃដែក ដើម្បីបង្ក្រាបគ្រឿងញៀន ជាពិសេសនៅតាមក្លឹបកម្សាន្ត ដែលបង្កប់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ បានប្តេជ្ញាចិត្ត និងខិតខំចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ ពិសេសតាមក្លឹបកម្សាន្ត យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម ធ្វើយ៉ាងណាបង្ក្រាបឱ្យដល់ឫសគល់នៃបទល្មើស។

ជាការគត់សម្គាល់រយៈពេល ៣សប្តាហ៍ចុងក្រោយនេះ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានបទល្មើសគ្រឿងធំចំនួន ៣ករណី ដែលឧក្រិដ្ឋជនដឹកជញ្ជូន រក្សាទុក ក្នុងបរិមាណរាប់រយគីឡូក្រាម និងបានឃាត់ខ្លួនជនល្មើសជាច្រើននាក់ បញ្ជូនទៅផ្តន្ទាទោសនៅតុលាការ៕