(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បញ្ញាសិប្បនិម្មិត (AI) បាននិងកំពុងត្រូវបានប្រើប្រាស់ជាអាវុធនយោបាយ ពីមជ្ឈដ្ឋានខាងក្រៅដើម្បីបង្កើតឧបាយកលប្រព័ន្ធផ្សព្វផ្សាយសង្គម។

លោកបណ្ឌិត បានថ្លែងថា ការបង្កើតបណ្ដាញគ្រប់គ្រងសិប្បនិម្មិត និងយុទ្ធសាស្រ្តផ្លូវចិត្តក្នុងគោលបំណងគ្រប់គ្រងរបៀបវារៈសង្គម, បង្កើនការមិនទុកចិត្តគ្នា, ការភ័ន្តច្រឡំ ក៏ដូចជាការបន្តឱ្យសង្គមបែកបាក់។

ការលើកឡើងបែបនេះរបស់លោកបណ្ឌិត គិន ភា បានធ្វើឡើងក្នុងសិក្ខាសាលាបណ្ដុះបណ្ដាលព័ត៌មានមេគង្គលើកទី៣ ស្ដីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយ ក្នុងបរិបទបញ្ញាសិប្បនិម្មិត ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់» នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា។

អ្នកជំនាញខាងភូមិសាស្ត្រនយោបាយរូបនេះ បានបន្តថា ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងបន្លំ តំបន់អាស៊ានបានផ្តោតលើអក្ខរកម្មឌីជីថល ការត្រួតពិនិត្យរកព័ត៌មានពិត និងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងបន្លំ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ពាក់ព័ន្ធនឹងគោលការណ៍ណែនាំសម្រាប់ការគ្រប់គ្រងព័ត៌មានរបស់រដ្ឋាភិបាល ការបង្កើតក្រុមការងារ និងកម្មវិធីដូចជា កម្មវិធីអក្ខរកម្មឌីជីថលអាស៊ាន និងគំនិតផ្តួចផ្តើមនានាដូចជាបណ្តាញត្រួតពិនិត្យព័ត៌មានពិតអាស៊ានជាដើម។

ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា បានលើកឡើងថា ជារឿយៗ ការបំភ័ន្តព័ត៌មានត្រូវបានក្លែងបន្លំជាព័ត៌មានពិត ដែលមានផលវិបាកយ៉ាងធ្ងន់ធ្ងរជាក់ស្តែង ដូចជាករណីអ្នកកាសែតចិនតៃវ៉ាន់ពីរនាក់ ដែលបានចូលមក ប្រទេសកម្ពុជាកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ បានផលិតវីដេអូបំផ្លើសការពិតអំពីសកម្មភាពពាក់ព័ន្ធនឹងការបង្ខាំងខុសច្បាប់ និងការធ្វើទារុណកម្មនៅក្នុងសួនឧស្សាហកម្មក្នុងប្រទេសកម្ពុជា ដែលជាតំបន់ដែលពាក់ព័ន្ធនឹងគម្រោង «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI)» របស់ប្រទេសចិន។

លោកបណ្ឌិត គិន ភា បានគូសបញ្ជាក់ថា៖ «ព័ត៌មានប្រឌិតទាំងនេះដែលត្រូវបានផ្សព្វផ្សាយតាមអ៉ីនធឺណិត និងប្រព័ន្ធបណ្ដាញសង្គម បានបង្ខូចមុខមាត់ប្រទេសកម្ពុជា រារាំងភ្ញៀវទេសចរបរទេសមិនឱ្យចូលមកទស្សនា ធ្វើឱ្យភាពតានតឹងសង្គមកាន់តែធ្ងន់ធ្ងរបំបាត់ការជឿទុកចិត្តលើរដ្ឋាភិបាល និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលបញ្ហានេះ ត្រូវបានពង្រីកខ្លួនបន្ថែមទៀតជាមួយនឹងការលេចឡើងនូវបញ្ញាសិប្បនិម្មិត (AI) ដែលបាននិងកំពុងត្រូវបានប្រើប្រាស់ជាអាវុធនយោបាយ ពីមជ្ឈដ្ឋានខាងក្រៅដើម្បីបង្កើតឧបាយកលប្រព័ន្ធផ្សព្វផ្សាយសង្គម ការបង្កើតបណ្ដាញគ្រប់គ្រងសិប្បនិម្មិត និងយុទ្ធសាស្រ្តផ្លូវចិត្តក្នុងគោលបំណងគ្រប់គ្រងរបៀបវារៈសង្គម បង្កើនការមិនទុកចិត្តគ្នា ការភ័ន្តច្រឡំក៏ដូចជាការបន្តឱ្យសង្គមបែកបាក់»

លោកបណ្ឌិតបានគូសបញ្ជាក់ថា អ៉ីនធឺណិតបានក្លាយជាសមរភូមិដ៏មានឥទ្ធិពល សម្រាប់ការផ្សាយព័ត៌មានបន្លំ និងដំណឹងក្លែងក្លាយ ដែលធ្វើឱ្យខូចដល់ទំនុកចិត្តសាធារណៈចំពោះស្ថាប័នជាតិ បណ្តាលឱ្យមានការបែកបាក់គ្នាក្នុងចំណោមសហគមន៍ ការមិនទុកចិត្ត អស្ថិរភាព ការរំលោភឯកជនភាព និងការរៀបចំវេទិកាអនឡាញសម្រាប់គោលបំណងនយោបាយជាដើម។ ការណ៍នេះនាំឱ្យមានភាពចលាចលសង្គម បញ្ហាប្រឈមសេដ្ឋកិច្ច និងការគំរាមកំហែងសន្តិសុខជាតិ៕