(ភ្នំពេញ)៖ លោក សេង ម៉េងហុង រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ តំណាងលោក សុខ សូកេន រដ្ឋមន្រ្តីក្រសួង ទេសចរណ៍ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ អមជាមួយ វគ្គបណ្តុះបណ្តាលស្ដីពីការចងក្រងស្ថិតិមូលដ្ឋានអាជីវកម្មទេសចរណ៍ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, តំណាងក្រសួងមហាផ្ទៃ, អភិបាលរងរាជធានី ខេត្ត, ប្រធានមន្ទីរ ទេសចរណ៍រាជធានី ខេត្ត, ប្រធានអង្គភាពច្រកចេញ-ចូលតែមួយរាជធានី ខេត្ត និងមន្ត្រីពាក់ព័ន្ធ សរុបប្រមាណ១៥០នាក់។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាគ្នាជាមួយ ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងអស់ក្នុងការពង្រឹងកិច្ចសហការលើការងារ គ្រប់គ្រងស្ថិតិឧស្សាហកម្មទេសចរណ៍រវាងក្រសួងទេសចរណ៍ និងរដ្ឋបាលថ្នាក់ ក្រោមជាតិ ដែលគ្រប់គ្រងអាជីវកម្មទេសចរណ៍ តាមរយៈការផ្ដល់អាជ្ញាបណ្ណ ទេសចរណ៍ ដើម្បីទទួលបានទិន្នន័យស្ថិតិដែលមានសង្គតិភាព និងប្រសិទ្ធភាព។

អង្គប្រជុំក៏បានពិភាក្សាគ្នាលើការងារគ្រប់គ្រងអាជ្ញាបណ្ណទេសចរណ៍ និងការពង្រឹងគុណភាពអាជីវកម្មទេសចរណ៍ តាមរយៈការជំរុញអនុវត្ត ប្រព័ន្ធ ចំណាត់ថ្នាក់ និងស្តង់ដាគុណភាពនានា ឆ្លើយតបនឹងនិន្នាការនៃការប្រែប្រួល តម្រូវការរបស់ភ្ញៀវទេសចរ ដែលអាចធានាបានថាអាជីវកម្មទេសចរណ៍ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តល់សេវា ប្រកបដោយគុណភាព និងវិជ្ជាជីវៈ ជូនភ្ញៀវទេសចរ។

ក្រៅពីនេះ អង្គប្រជុំក៏បានលើកឡើងអំពីការជំរុញ ការអនុវត្ត មុខងារប្រតិភូកម្ម និងការពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ៕