(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងស្នើឲ្យ ក្រុមគយចល័ត ដែលចុះប្រតិបត្តិការក្នុងដែនសមត្ថកិច្ចខេត្តត្បូងឃ្មុំ សូមរាយការណ៍ និងចូលរួមសហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ពិសេសក្នុងនាមលោក ជាអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីបានទទួលព័ត៌មាន ក្តាប់ព័ត៌មាន អាចគ្រប់គ្រងស្ថានការ មានចំណាត់ការបានទាន់ពេលវេលា និងរាយការណ៍បន្តទៅថ្នាក់ជាតិ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ថ្លែងសង្កត់ធ្ងន់ៗបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ស្ថាប័នតុលាការ នាយក-នាយករងសាលាខេត្ត នាយក-នាយករងទីចាត់ការ ប្រធាន-អនុប្រធានអង្គភាព ការិយាល័យចំណុះរចនាសម្ព័ន្ធសាលាខេត្ត ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំ(គ)សាលាខេត្តត្បូងឃ្មុំ។

ថ្លែងលើកឡើងបន្តក្នុងកិច្ចប្រជុំ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ក៏បានក្រើនរំលឹក នូវប្រសាសន៍សម្តេចធិបតី នាយករដ្ឋមន្ត្រី «សំអាតផ្ទះយើង» ដោយស្នើរឲ្យទាំងអស់គ្នា ត្រូវតែចង់ចាំ និងដក់ជាប់ក្នុងក្រអៅបេះដូង ដូច្នេះគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នា ដោយប្រើប្រាស់កម្លាំងសរុប វិធានការសរុប ទើបទទួលបានជោគជ័យ លើការងារនេះ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានក្រើនរំលឹកសាជាថ្មី ពាក់ព័ន្ធករណី ល្បែងស៊ីសងខុសច្បាប់ ល្បែងជល់មាន់ ការទន្ទ្រានដីព្រៃលិច និងបទល្មើសនានា ជាពិសេសបញ្ហាគ្រឿងញៀន ដាច់ខាតត្រូវបង្ក្រាបទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ និងរក្សាសភាពការណ៍ទូទៅទូទាំងខេត្តត្បូងឃ្មុំ ដើម្បីធានាសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ។ជាពិសេសក្មេងទំនើង ដាក់ទោសស្រាលឬក៏ឲ្យធ្ងន់ ទៅតាមអ្វីដែលពួកគាត់បានប្រព្រឹត្តិ ដាច់ខាតមិនមានការលើកលែងនោះឡើយ។

ក្នុងឱកាសនោះ លោកបណ្ឌិត អភិបាលខេត្ត បានស្នើ៣ចំនុចបន្ថែមជាពិសេស សម្រាប់អនុវត្តន៍៖
១៖ យកចិត្តទុកដាក់ បង្កើនជីវភាពពលរដ្ឋ
២៖ សំណើរសំណូមពរផ្សេងៗពីពលរដ្ឋ
៣៖ ដោះស្រាយបញ្ហាជំលោះក្រៅប្រព័ន្ធតុលាការឲ្យបានកាន់តែច្រើនឡើង ជាក់ស្តែងក្នុងឆ្នាំ២០២៣ បានដោះស្រាយជាង២០០ករណី ដែលជាចំនុចយើងធ្វើបានល្អណាស់ និងសូមបន្តទៀត ចំពោះការប្រើប្រាស់យុទ្ធសាស្ត្រឈ្នះៗនេះ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានកោតសរសើរដល់អ្នកពាក់ព័ន្ធទាំងអស់ ពិសេសអាជ្ញាធរស្រុក និងកងកម្លាំងចម្រុះ ដែលបានបោះទីតាំង និងចុះល្បាតនៅតំបន់ព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ដោយបន្ទាប់ពីដាក់វិធានការក្តៅ បានធ្វើឲ្យតំបន់នេះ លែងមានការលួចចូលឈូសឆាយទន្ទ្រានខុសច្បាប់បន្តទៀត នេះជាលទ្ធផលនៃការអនុវត្តន៍រួមគ្នា។ បើទោះបីដូច្នេះក្តី ក៏ស្នើឲ្យបន្តលើកិច្ចការងារនេះបន្ថែមទៀត ដើម្បីថែរក្សាតំបន់នេះ ជាសម្បត្តិរបស់រដ្ឋ និងផលប្រយោជន៍សម្រាប់ពលរដ្ឋ៕