(ព្រះសីហនុ)៖ កញ្ញា អូន ស្រីនីត ជាគណនេយ្យ និងមើលការខុសត្រូវមួយផ្នែកធំ ក្នុងកសិដ្ឋានចឹញ្ចឹមបង្គារក្តាម បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា វារីវប្បកម្មចិញ្ចឹមបង្គារយើង បច្ចុប្បន្នកំពុងបន្ត ពង្រឹងផ្នែកចិញ្ចឹមបង្គារ ក្តាម នឹងពង្រីកផ្ទៃដីបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារទូរទាំងប្រទេស ខណៈបច្ចុប្បន្នមានទំហំត្រឹមតែ១.៥ហិតា ហើយបានត្រឹមចែកចាយ ក្នុងខេត្តព្រះសីហនុនៅឡើយ។

ស្រីនីត បានរៀបរាប់ថា វារីវប្បកម្មយើង បើគិតពីការសាងសង់ និងដំណើរការ វាហាក់មានការស្មុគស្មាញបន្តិច ដោយក្រឡេកឃើញមានប្រព័ន្ធរៀបចំតទុយោតូចធំ បណ្តាញឧកស៊ីសែនក្រោមបាត និងប្រព័ន្ធផ្សេងទៀត។

ស្រីនីតបន្តថា ដោយសារការតម្រូវការទីផ្សារក្នុងខេត្តមានច្រើន ហើយកសិដ្ឋានយើងទំហំ នៃការចិញ្ចឹមនៅមានកម្រិតនៅឡើយ ពោលគឺថ្ងៃធម្មតានាំចេញបានពី៥០០ ទៅ៦០០គីឡូក្រាមក្នុងមួយថ្ងៃ រីឯថ្ងៃឈប់សម្រាក បុណ្យទានផ្សេងៗ យើងអាចប្រមូលនាំចេញបានចាប់ពី៨០០ ទៅ៩០០គីឡូក្រាមក្នុងមួយថ្ងៃ។

វារីវប្បកម្មមួយនេះ បានសាងសង់ និងដំណើការអស់រយៈពេល២ឆ្នាំ បើគិតមកទល់ហ្នឹងពេលនេះ កន្លងមកដំណើរការមួយនេះគេចមិនផុតនោះទេពីឧបសគ្គ និងបញ្ហាមួយចំនួន តែយើងនៅតែបន្តមិនរាថយ ដោយគិតពីតម្រូវការផ្គត់ផ្គង់ដល់ទីផ្សារក្នុងខេត្តជាចំបង។

កញ្ញា ស្រីនីត លើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគមួយនេះ ដែលខំចំណាយដើមទុនជាច្រើន ក្នុងដំណើរការមួយនេះ ជាពិសេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងស្ថាបណ្ណ ពាក់ព័ន្ធថ្នាក់ក្រោមជាតិ ដែលយកចិត្តទុកដាក់ផ្នែកទីផ្សារ ទោះមិនបានល្អ១០០% តែមានតម្លៃសមរម្យ ទាំងអ្នកលក់ និងអ្នកទិញ។

គូសបញ្ជាក់ថា វារីវប្បកម្មចិញ្ចឹមបង្គារ ក្តាមខាងលើនេះ មានទីតាំងស្ថិតនៅក្នុងភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ៕