(តាកែវ)៖ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១០៖១៥នាទី នៅក្នុងបរិវេណវិទ្យាល័យ ជាស៊ីម តាកែវ ស្ថិតក្នុងភូមិ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ មានសិស្សលួចសម្ងំ ជក់បារីអេឡិចត្រូនិច (Yooz)។

លោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការ នៃអធិការដ្ឋា​​ននគរបាលក្រុងដូនកែវ បានចាត់កម្លាំងអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកា ក្នុងដឹកនាំដោយលោកអនុសេនីយ៍ឯក ឡាយ ហាប់ អធិការរង ដើម្បីទៅអញ្ជើញសិស្សានុសិស្សដែលពាក់ព័ន្ធក្នុងករណីខាងលើ យកមកកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរ ដែលមានឈ្មោះដូចខាងក្រោម៖

១៖ ឈ្មោះ ម៉ៅ បញ្ញាស្កាយ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ នៅភូមិព្រៃស្លឹក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ មុខរបរសិស្ស រៀនថ្នាក់ទី៩ ង វិទ្យាល័យព្រៃសណ្តែក។
២៖ ឈ្មោះ លី ចន្ទពុទ្ធរាជ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅ នៅភូមិផ្សាតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ មុខរបរសិស្ស រៀនថ្នាក់ទី១០ គ វិទ្យាល័យ ជាស៊ីម តាកែវ។

ក្រោយពេលសួរនាំសិស្សទាំង០២នាក់ខាងលើ បានទទួលស្គាល់នូវកំហុសរបស់ខ្លួន និងដោយអនុវត្តតាមប្រសាសន៍ណែនាំពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ
នៃស្នងការដា្ឋននគរបាលខេត្តតាកែវ ឲ្យធ្វើការណែនាំ អប់រំ ធ្វើកិច្ចសន្យា និងឲ្យអាណាព្យាបាលធ្វើលិខិតធានាយកវិលត្រឡប់ទៅផ្ទះវិញ ដើម្បីយកទៅអប់រំបន្ត៕