(បាត់ដំបង)៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសង្កែ និងស្រុករតនមណ្ឌល បានផ្តល់នូវអនុសាសន៍៥ចំណុចដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាននៅស្រុកសង្កែ ក្នុងចូលរួមគាំទ្រដល់ការអភិវឌ្ឍមូលដ្ឋាន និងដោះស្រាយ ឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

លោក ហែម វណ្ឌី ណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជាអធិតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារស្រុកសង្កែ ស្រុករតនមណ្ឌល និងឃុំក្នុងស្រុកទាំងពីរ នៃខេត្តបាត់ដំបង នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។ ពិធីទាំងពីរនេះមានការអញ្ជើញចូលពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំ តំណាងអាជ្ញាធរមូលដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នអប់រំ និងសុខាភិបាលជុំវិញស្រុកទាំងពីរ ដែលកម្មវិធីនៅស្រុកសង្កែមានចំនួនអ្នកចូលរួម ៤១៤ និងស្រុករតនមណ្ឌលចំនួន១៨៨នាក់។

មានប្រសាសន៍ក្នុងអង្គពិធីទាំងពីរ លោក ហែម វណ្ណឌី បានណែនាំឱ្យក្រុមការងារមានភាពសកម្មក្នុងបំពេញការងារឱ្យសមស្របតាមគោលការណ៍ណែនាំរបស់រាជ រដ្ឋាភិបាល និងបានផ្តល់អនុសាសន៍ណែនាំមួយចំនួនដូចជា៖

១) លើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល ជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយត្រូវសហការធ្វើការផ្សព្វផ្សាយដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋនៅមូលដ្ឋាន អំពីកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយ កម្មវិធីកំណែទម្រង់ និងវិធានការនានារបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ការគាំទ្រការចូលរួមពីប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានានៅមូលដ្ឋាន។
២) សហការគាំទ្រដល់មូលដ្ឋានដែលក្រុមការងារចុះបំពេញការងារ ធ្វើការវាយតម្លៃអំពីសមត្ថភាព ស្ថាប័ន ធនធានមនុស្ស និងសក្តានុពលនៃការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន ដើម្បីធ្វើការគាំទ្រដល់មូលដ្ឋានក្នុងការរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល សំដៅជំរុញការអភិវឌ្ឍមូលដ្ឋាន ការផ្តល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបបញ្ហាប្រឈមនានា នៅមូលដ្ឋានឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
៣) ជំរុញ និងលើកកម្ពស់ការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ អង្គភាពជំនាញ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចនៅមូលដ្ឋាន ក្នុងការបំពេញការងារស្របតាមតួនាទី និងសមត្ថកិច្ចរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និងគណនេយ្យភាព។
៤) សហការរៀបចំវេទិកាសាធារណៈនៅមូលដ្ឋាន និងចុះជួបប្រាស្រ័យដោយផ្ទាល់ជាមួយ
ប្រជាពលរដ្ឋតមមូលដ្ឋាន ដើម្បីស្វែងយល់ដោយផ្ទាល់នូវកង្វល់ បញ្ហាប្រឈម សំណើ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីសហការជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចធ្វើការដោះស្រាយ ឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពដោយផ្អែកលើច្បាប់ និងលិខិតបទដ្ឋានជាធរមាន។

៥) កៀរគរធនធាន មធ្យោបាយ សម្ភារពីគ្រប់ប្រភពស្របច្បាប់នានា ដើម្បីចូលរួមគាំទ្រដល់ការអភិវឌ្ឍមូលដ្ឋាន កសាងសមិទ្ធផលសង្គម និងដោះស្រាយឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ៕