(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍ដោយច្រានចោលការផ្សាយមិនពិត និងគ្មានមូលដ្ឋានរបស់វិទ្យុអាស៊ីសេរី (RFA Khmer) និងបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធការបើកសវនាការកាត់ទោសក្រុមយុវជនមាតាធម្មជាតិ។ នេះបើតាមសេចក្តីថ្លែងការណ៍អ្នកនាំពាក្យសាលាដំបូងរាធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤នេះ មានគេហទំព័រ RFA Khmer និងបណ្តាញសង្គមនានា បានផ្សព្វផ្សាយ និងបានសរសេរបង្ហោះរៀបរាប់តៗគ្នាថា «ក្រុមយុវជនមាតាធម្មជាតិនាំគ្នា អង្គុយក្រៅតុលាការ ដោយសារតុលាការមិនបើកសវនាការជាសាធារណៈ»។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនជ្រាបថា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជាសាធារណៈលើកទី១ ដើម្បី ជំនុំជម្រះសំណុំរឿងព្រហ្មទណ្ឌលេខ ២៤០០ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ដោយមានវត្តមានរបស់ជនជាប់ចោទ ចំនួន៥នាក់ ចូលរួមសវនាការគឺ ១.ឈ្មោះ យឹម លាងហ៊ី ២.ឈ្មោះ លី ចាន់ដារ៉ាវុត ៣.ឈ្មោះ ថុន រដ្ឋា ៤.ឈ្មោះ ឡុង គន្ធា និង៥.ឈ្មោះ ភួន កែវរស្មី ព្រមទាំងមេធាវីការពារសិទ្ឋិឱ្យជនជាប់ចោទចំនួន៤រូប និងមានអ្នកចូលរួមស្តាប់សវនាការដូចជា មន្ត្រីទូត មន្ត្រីសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និស្សិត និងសាធារណជនផងដែរ។

នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាជំនុំជម្រះ បានបើកសវនាការជាសាធារណៈលើកទី២ មានមេធាវីការពារ សិទ្ធិឱ្យជនជាប់ចោទចំនួន៤រូប បានចូលរួមសវនាការ និងមានអ្នកចូលរួមស្តាប់សវនាការ ដូចជា មន្ត្រីទូត មន្ត្រីសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និស្សិត និងសាធារណជនផងដែរ។

លើកលែងតែជនជាប់ចោទ មិនបានចូលរួម សវនាការតាមការកំណត់របស់ក្រុមប្រឹក្សាជំនុំជម្រះ ហើយបែរជាទៅធ្វើបទសម្ភាសន៍នៅខាងក្រៅបរិវេណតុលាការ និងមានការលើកឡើងដោយមួលបង្កាច់តុលាការ ដោយជនជាប់ចោទឈ្មោះ លី ចាន់ដារ៉ាវុត ថាតុលាការមិនហ៊ានកាត់សេចក្ដីជាសាធារណៈ។

ចំពោះការលើកឡើងរបស់ក្រុមជនជាប់ចោទ និងការបង្ហោះរបស់គេហទំព័រ RFA Khmer និងបណ្តាញសង្គមនានា ដែលមានខ្លឹមសារដូចបញ្ជាក់ខាងលើនេះ គឺជាព័ត៌មានមិនពិត និងធ្វើឱ្យសាធារណជនមានការយល់ច្រឡំ និងប៉ះពាល់ដល់នីតិវិធីចំណាត់ការសំណុំរឿងរបស់ស្ថាប័នតុលាការ។ ដូចនេះគេហទំព័រ RFA Khmer និងបណ្តាញសង្គមនានា ត្រូវបញ្ឈប់ការផ្សព្វផ្សាយនូវព័ត៌មានមិនពិតបន្តទៀត។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់បន្ថែមថា នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ២៤០០ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះ បើកសវនាការជាសាធារណៈ ទាំងលើកទី១ ទាំងលើក ទី២ និងសវនាការបន្តបន្ទាប់ទៀត ដែលមន្ត្រីទូត មន្ត្រីសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និស្សិត និងសាធារណជន អាចចូលរួមស្តាប់សវនាការបានជាធម្មតា៕