(ភ្នំពេញ)៖ ពលរដ្ឋខ្មែរ-អាមេរិក ដែលបានធ្វើសកម្មភាពនយោបាយជាមួយគណបក្សប្រឆាំងអស់ជាច្រើនឆ្នាំមួយរូបទៀត បានសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីអស់សង្ឃឹមនឹងដំណើរជីវិតនយោបាយជាមួយគណបក្សប្រឆាំង។
លោក វ័ន្ត យ៉េន មានអតីតភាពជាព្រះសង្ឃ ព្រមទាំងមានឱកាសរស់នៅលើទឹកដីអាមេរិក រហូតទទួលបានសញ្ជាតិអាមេរិកថែមទៀតផង។ លោក វ័ន្ត យ៉េន បានធ្វើសកម្មភាពនយោបាយជាមួយបក្សប្រឆាំងអស់ជាច្រើនឆ្នាំមកហើយ តាំងពីបក្សសង្គ្រោះជាតិ រហូតដល់បក្សភ្លើងទៀន។ លោក វ័ន្ត យ៉េន ជាបុគ្គលមួយរូប ដែលបានជួយកៀរគរថវិកាពីខ្មែរនៅអាមេរិក ដើម្បីបម្រើសកម្មភាពនយោបាយបក្សភ្លើងទៀនថែមទៀតផង។
តាមរយៈសកម្មភាពគាំទ្រទាំងនេះ លោក វ័ន្ត យ៉េន ត្រូវបានបក្សប្រឆាំងផ្តល់តួនាទីខ្ពស់នៅក្នុងបក្សជាបន្តបន្ទាប់ ដូចជាទទួលបានឱកាសជាបេក្ខជនតំណាងរាស្ត្រនៅខេត្តកោះកុង ហើយជាក្រុមការងារបក្សភ្លើងទៀននៅខេត្តស្វាយរៀងផងដែរ។
ពេលនេះលោក វ័ន្ត យ៉េន បានអស់ចិត្តនឹងការធ្វើសកម្មភាពជាមួយបក្សប្រឆាំងទៀតហើយ ក៏ព្រោះតែលោកឃើញការបែកបាក់ និងការចុះខ្សោយប្រជាប្រិយភាពរបស់ក្រុមប្រឆាំង។ ជាពិសេសនោះ ការចេញមកប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោ ពីសំណាក់ទណ្ឌិត សម រង្ស៉ី ធ្វើឱ្យអ្នកគាំទ្របក្សប្រឆាំងផ្ទុះការខឹងសម្បាចំពោះបុគ្គលនេះជាខ្លាំង។
ជាមួយការសម្រេចចិត្តដើរចេញពីបក្សប្រឆាំង លោក វ័ន្ត យ៉េន បានគោរពសុំឱកាសពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសបន្តជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា។
លោក វ័ន្ត យ៉េន បានមើលឃើញ និងយល់កាន់តែច្បាស់ថា មានតែគណបក្សប្រជាជនកម្ពុជា ដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ និងជាបង្អែកដ៏រឹងមាំរបស់ជាតិកម្ពុជា ឆ្ពោះទៅកាន់ត្រើយអភិវឌ្ឍន៍ និងការរីកចម្រើន៕