(បាត់ដំបង)៖ ថ្នាក់ដឹកនាំ សមាជិក សមាជិការបស់គណបក្សប្រឆាំង កំពុងនាំគ្នាដើរចេញគណបក្សដែលខ្លួនរួមរស់ជាមួយប្រៀបដូចជាទឹកបាក់ទំនប់ បន្ទាប់ពីអស់សង្ឃឹម បាត់បង់ជំនឿចិត្តទៅលើមេដឹកនាំបក្ស។
ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន នៅឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចំនួន៧រូប បានសម្រេចចិត្តដើរចេញពីបក្សដែលខ្លួនធ្លាប់ធ្វើសកម្មភាពនយោបាយជាមួយ។
ថ្នាក់ដឹកនាំបក្សប្រឆាំងទាំង៧រូបនេះ សុទ្ធសឹងជាបុគ្គល ដែលធ្វើសកម្មភាពយ៉ាងសកម្មជួយកិច្ចការនយោបាយរបស់បក្សប្រឆាំងយូរឆ្នាំមកហើយ។ ពួកគេបានសម្រេចចិត្តដើរចេញពីបក្សនេះ ក៏ព្រោះតែបាត់បង់ជំនឿចិត្តចំពោះការដឹកនាំ និងដំណើរជីវិតរបស់បក្សប្រឆាំង ដែលបែកបាក់សាមគ្គី ប្រកាន់បក្ខពួក និងខ្វះតម្លាភាពលើការដឹកនាំជាដើម។
បន្ថែមពីលើនោះ ការប្រកាសប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោ ពីសំណាក់ លោក សម រង្ស៉ី ជាចំណែកធំមួយ ដែលនាំឱ្យពួកគេសម្រេចដើរចេញពីបក្សប្រឆាំងផងដែរ។ ពួកគេចាត់ទុកការប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោ ជាគំនិតដ៏ខុសឆ្គង ជាគំនិតក្បត់នឹងប្រយោជន៍របស់ជាតិទាំងស្រុង។
ពេលនេះពួកគេបានមើលឃើញច្បាស់ដោយឥតសង្ស័យថា បក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ កសាងជាតិឱ្យរីកចម្រើន។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបាននូវសុខសន្តិភាព និងស្ថេរភាពសង្គម ដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានានូវការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។
ក្រោមមូលហេតុខាងលើនេះ ថ្នាក់ដឹកនាំបក្សភ្លើងទៀនក្នុងឃុំអំពិលទាំង៧រូប បានសម្រេចចិត្តគោរពសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឱ្យពួកគេបានចូលរួមជីវភាពនយោបាយ និងធ្វើសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសបម្រើបក្ស ក៏ដូចជាបម្រើជាតិ និងប្រជាជន៕