(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា​ រួមទាំងដៃគូពាក់ព័ន្ធ បានរួមគ្នាដាំកូនឈើអមមាត់ប្រឡាយក្រវាត់ជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។

លោក សូត សំណាង ប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឱ្យដឹងថា ការដាំកូនឈើនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំង៣ប្រភេទក្នុងស្រុកឆែប និងមន្រ្តីពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង NUM ដឹកនាំដោយ លោក ហោ ប៉េង សាកលវិទ្យាធិការ និងលោកគ្រូអ្នកគ្រូ និងសិស្សាអនុសិស្សអនុវិទ្យាល័យឆែបផងដែរ។

នៅក្នុងឱកាសនោះ លោកបណ្ឌិត សុខ ទូច បានថ្លែងអំណរគុណទៅកាន់ជនរួមជាតិទាំងអស់ដែលបានចូលរួមក្នុងការជីកប្រឡាយនេះ ដែលបច្ចុប្បន្ន ការជីកប្រឡាយទទួលបានថវិកាជាប្រាក់រៀលចំនួន១០០ លានរៀល និងប្រាក់ដុល្លារចំនួន១៥ម៉ឺនដុល្លារហើយ ព្រមទាំងជីកបានប្រវែង ៥.៥គីឡូម៉ែត្រ ក្នុងរយៈពេលមួយខែ។

ប្រធានរាជបណ្ឌិត្យសភា ក៏បានថ្លែងអំណរគុណដល់រដ្ឋបាលព្រៃឈើស្រុកឆែប ដែលបានជួយកូនឈើចំនួន ៣ ០០០ដើម រួមមាន ផ្កាឥន្ធនេល ចំនួន ១៥៤០ដើម អូយម៉ូយចំនួន ១០០ដើម ក្ងោកចំនួន ១០០ដើម អង្កាញ់ចំនួន ១៣០ដើម លឿងរាជចំនួន ១៣០ដើម បេងចំនួន ៣០០ដើម និងគ្រញូងចំនួន ៧០០ដើម។

ការដាំកូនឈើដំណាក់កាលទី១នេះ មានចំនួន១២៣៤ដើម ដែលមានរយៈប្រវែង២គីឡូម៉ែត្រ ហើយមានកូនឈើសរុបមានចំនួន ៤ប្រភេទ ដោយដាំនៅមាត់ប្រឡាយចំនួន៣ជួរ ហើយជួរទី១ គឺមានប្រភេទដើមច្រេស និងពពាល ដែលមានការដុះសមស្របទៅស្ថានភាព និងជីវដ្ឋានក្នុងតំបន់ ហើយជួរទី២ គឺផ្កាឥន្ធនាល ដែលមានរូបរាងស្រដៀងដើមត្របែកព្រៃ និងជួរទី៣ គឺកូនត្នោត ៕