(សៀមរាប)៖ កម្លាំងនគរបាលក្រុងសៀមរាប ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចុះឃាត់ក្មេងទំនើងប្រុសស្រី១៦នាក់ (ស្រី៦នាក់) ដែលគេចពីសាលា និងពីឪពុកម្តាយនាំគ្នាមកជួលបន្ទប់សណ្ឋាគារយីហោ «សេវេនហាភីនីស» ចំនួន២បន្ទប់ លេខ៣០៣ និង៣០៥ ដេកពពាក់ពពូនគ្នា ដើម្បីលេងហ្គេមរយៈពេលកន្លះខែ។

បន្ទាប់ពីចាប់ឃាត់ខ្លួនរួចមក បាននាំយកទៅកាន់អធិការដ្ឋាននគរបាលក្រុងសៀមរាប ដើម្បីសាកសួរ រួចឱ្យឪពុកម្តាយមកធានាធ្វើកិច្ចសន្យាឱ្យត្រឡប់ទៅផ្ទះវិញ។

ចំណែកម្ចាស់សណ្ឋាគារ ត្រូវកម្លាំងនគរបាលក្រុងសៀមរាប កោះហៅយកមកធ្វើការសាកសួរ និងធ្វើកិច្ចសន្យាឱ្យត្រឡប់ទៅសណ្ឋាគារវិញ ដើម្បីឱ្យបញ្ឈប់សកម្មភាព ជួលទៅឱ្យក្រុមក្មេងក្មេងដោយគ្មានឪពុកម្តាយដឹង ឮតទៅទៀត៕