(ភ្នំពេញ)៖ អ្នកជំនាញទេសចរណ៍ បានលើកឡើងថា ប្រសិនបើកម្ពុជាទាក់ទេសចរឥណ្ឌាបានកាន់់តែច្រើន នោះកម្ពុជាក៏អាចទាក់ទាញវិនយោគិនពីឥណ្ឌាមកវិនិយោគលើវិស័យទេសចរណ៍ផងដែរ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា លើកឡើងបែបនេះ ស្របពេលដែលកម្ពុជា និងឥណ្ឌា ចាប់ផ្តើមភ្ជាប់ជើងហោះហើរត្រង់នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីទាក់ទាញទេសចរណ៍ និងវិនិយោគទៅវិញទៅមក។

លោកស្រីបានឱ្យដឹងថា ពេលកន្លងមក កម្ពុជាក៏ជាគោលដៅទេសចរណ៍ ដែលជនជាតិឥណ្ឌា ចូលចិត្តមកលេងកម្សាន្ត បើទោះបីជាប្រទេសទាំងពីរមិនទាន់មានការហោះហើរត្រង់ក៏ដោយ។ គោលដៅដែលពួកគេចូលចិត្តមកកម្សាន្ត គឺនៅខេត្តសៀមរាប និងរាធានីភ្នំពេញ ដែលពួកគេក៏បានផ្តិតយករូបភាពខ្លះៗទៅណែនាំដល់អ្នកផ្សេងផងដែរ ។

ដើម្បីទាក់ទាញភ្ញៀវចរឥណ្ឌាបន្ថែមទៀត លោកស្រី ជំរុញឱ្យមានការកែច្នៃបន្ថែមទៀតទាំងតំបន់ទេសចរណ៍ ជាពិសេសតំបន់ទេសចរណ៍បែបសាសនា ដែលអាចរៀបចំពីធីផ្សេងៗ និងការកែច្នៃវត្ថុអនុស្សាវរីយ៍ដែលផលិតក្នុងស្រុក។

លោកលើកឡើងទៀតថា «អ្វីដែលជាការទាក់ទាញលើសពីអ្វីដែលពួកគាត់ផ្សព្វផ្សាយដល់គ្នាគាត់ គឺសេវាកម្ម ការវិនិយោគទៅលើសេវាកម្មបដិសណ្ឋាកិច្ច តំបន់កែច្នៃ ផលិតផលក្នុងស្រុកដូចជាវត្ថុអនុស្សាវរីយ៍ ដែលជារបស់ផលិតក្នុងស្រុកក៏អាចយកទៅទាក់ទាញពួកគាត់បានផងដែរ»។

ការទាក់ទាញបាននូវភ្ញៀវទេសចរឥណ្ឌាបានកាន់តែច្រើន នោះនឹងអាចទាក់វិនិយោគិនឥណ្ឌាបាននាពេលខាងមុខ។ លោកស្រីកត់សម្គាល់ថា វិនិយោគិនឥណ្ឌាក៏ជាអ្នកដែលមានលុយច្រើន និងចូលចិត្តស្វែងរកការវិនិយោគនៅក្រៅប្រទេស។

លោកស្រីបន្ថែមថា «មុននឹងគាត់វិនិយោគគាត់ត្រូវមកកម្សាន្តសិនដែរ ដើម្បីសិក្សាមើល។ ជាធម្មតា នៅពេលដែលទីណាមានជនជាតិនោះទៅច្រើន នឹងធ្វើឱ្យគិតទៅ អាហាររបស់ប្រទេសនោះ ការបដិសណ្ឋាកិច្ច ហើយប្រសិនបើជនជាតិគាត់វិនិយោគផ្ទាល់ នឹងបំពេញបានតាមតម្រូវ និងមានការគាំទ្រខ្លាំង។ ហេតុនេះហើយ កត្តានេះ នឹងទាក់ទាញបានការវិនិយោគពីឥណ្ឌាបានផងដែរ»។

លោកស្រីបានគូសបញ្ជាក់ទៀត សមាគមទេសចរណ៍កម្ពុជា បាននិងកំពុងបន្តផ្សព្វផ្សាយពីសក្តានុពលនៃខេត្តសៀមរាប និងរាជធានីភ្នំពេញ និងខេត្តផ្សេងទៀត ដែលជាតំបន់មានភាពទាក់ទាញ ខណៈកន្លងមកសមាគម និងក្រសួងទេសចរណ៍ បានធ្វើការជាមួយស្ថានទូតឥណ្ឌាអស់រយៈពេល២-៣ ឆ្នាំមកហើយ តាំងពីអំឡុងការរីករាលដាលជំងឺកូវីដ១៩ ដើម្បីធ្វើការរួមគ្នា ទាក់ទាញភ្ញៀវទេសចរគ្នាទៅវិញទៅមក។

យោងតាមទិន្នន័យពីក្រសួងទេសចរណ៍ នៅឆ្នាំ២០២៣ កម្ពុជាទទួលភ្ញៀវទេសចរសរុបចំនួនជាង ៥.៤លាននាក់ ក្នុងនោះមានភ្ញៀវឥណ្ឌាចំនួនជិត ៧ម៉ឺននាក់។ នៅត្រីមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជិត ១.៦លាននាក់ ក្នុងនោះមានភ្ញៀវទេសចរឥណ្ឌា ២ម៉ឺននាក់៕