(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការរៀបចំគោលនយោបាយនិងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ បានឱ្យដឹងថា ក្រសួងព័ត៌មានបាននិងកំពុងអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ និងរៀបចំកសាងនូវបទដ្ឋានច្បាប់និងគតិយុត្ត ដើម្បីរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មានឱ្យបានល្អ និងធានាបាននូវសន្តិសុខព័ត៌មាន ដោយធ្វើយ៉ាងណាឱ្យការផ្សព្វផ្សាយព័ត៌មានថ្មី ពិត និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន។ ក្រសួងព័ត៌មានជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល គ្រប់គ្រងលម្ហព័ត៌មាន និងកិច្ចសហការធានានូវសន្តិសុខព័ត៌មាន។

លោក នេត្រ ភក្ត្រា ថ្លែងយ៉ាងដូច្នេះធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេសរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។

លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រសួងព័ត៌មានត្រូវមានផែនទីបង្ហាញផ្លូវអំពីការងារអាទិភាពដែលគ្រប់អង្គភាពចំណុះត្រូវអនុវត្តក្នុងរយៈពេល៥ឆ្នាំ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រសិទ្ធភាពនៃការគ្រប់គ្រងនិងអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ សំដៅឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជន និងការផ្លាស់ប្តូរបរិបទនៃការអភិវឌ្ឍជាតិនិងអន្តរជាតិ ជាពិសេសរួមចំណែកដល់ការប្រែក្លាយប្រទេសកម្ពុជាពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកបានបន្តថា ដើម្បីរួមចំណែកធ្វើឱ្យសម្រេចបានកិច្ចការងារខាងលើនេះ នៅក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មានបានខិតខំបន្តការអភិវឌ្ឍវិស័យព័ត៌មាន ដោយផ្តោតលើការលើកកម្ពស់ហេដ្ឋារចនាសម្ពន្ធប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ និងការពង្រីកវិសាលភាពនៃការផ្សាយឱ្យបានកាន់តែទូលំទូលាយ និងគ្របដណ្តប់ទូទាំងប្រទេស តំបន់ និងសកល សម្រាប់ជាមធ្យោបាយក្នុងការបញ្ជ្រាបព័ត៌មានស្តីពីកម្ពុជានិងសមិទ្ធផលនៃការអភិវឌ្ឍប្រទេស។

លោករដ្ឋមន្រ្តីបានបន្តទៀតថា សិក្ខាសាលានាឱកាសនេះ គឺមានសារសំខាន់ក្នុងការពិគ្រោះយោបល់រៀបចំដើម្បីប្រមូលធាតុចូលពីគ្រប់អគ្គនាយកដ្ឋាន/អង្គភាពពាក់ព័ន្ធសម្រាប់ការរៀបចំកសាងផែនការ ហើយក៏នឹងពិនិត្យលើសមិទ្ធផលការងារដែលសម្រេចបាន និងបញ្ហាប្រឈមនានា កំណត់ពីសកម្មភាពដែលគាំទ្រដល់ការសម្រេចបានគោលដៅអាទិភាពជាយុទ្ធសាស្ត្ររបស់ក្រសួងព័ត៌មាន។ ទន្ទឹមនេះ ក្រសួងព័ត៌មានបន្តអនុវត្តកិច្ចការងារសំខាន់ៗជាច្រើនទៀតដែលរាជរដ្ឋាភិបាលប្រគល់ជូន ដោយអនុវត្តតាមអភិក្រម «ពង្រឹងច្រើនជាងពង្រីក»

លោក អ៊ុក សំរេច រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការរៀបចំគោលនយោបាយនិងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានឱ្យដឹងថា អង្គសិក្ខាសាលានាឱកាសនេះ គឺជាផែនការដ៏សំខាន់ក្នុងការកំណត់នៅទិសដៅការងារក្រសួងព័ត៌មានក្នុងការរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។

លោកថា តាមរយៈយុទ្ធសាស្ត្របញ្ចកោណ វិស័យព័ត៌មានបានរួមចំណែកដ៏សំខាន់ក្នុងទិសដៅកសាងឱ្យបាននូវអភិបាលកិច្ចល្អ ដោយប្រើប្រាស់គ្រប់មធ្យោបាយដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈប្រកបដោយតម្លាភាព គណនេយ្យ និងស័ក្តិសិទ្ធិភាព ដើម្បីចូលរួមសម្រេចឱ្យបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងកិច្ចថែរក្សានិងការពារសមិទ្ធផលដ៏ធំធេង ការពារសន្តិភាព ស្ថិរភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍប្រទេសដែលជាគោលជំហរដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា ក្នុងដំណើរអង្គសិក្ខាសាលាពេញមួយថ្ងៃនេះ គឺធ្វើការពិភាក្សាគ្នាដើម្បីជាវិភាគទានដល់ការបង្កើនសក្តានុពលដល់ក្រសួងព័ត៌មាន ដែលជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល ព្រមទាំងទទួលបានការជឿទុកចិត្តដោយពេញលេញពីមន្ត្រីរាជការ និងសាធារណជន។

សូមជម្រាបថា សម្រាប់ដំណើរការអង្គសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេសរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ នាឱកាសនេះ ក៏មានការធ្វើបទបង្ហាញទាក់ទងគោលបំណង និងលទ្ធផលរំពឹងទុកនៃសិក្ខាសាលា ការធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយ ការគ្រប់គ្រងលំហព័ត៌មាន សន្តិសុខព័ត៌មាន ការគ្រប់គ្រងបុគ្គលិកនិងតម្រូវការធនធាន ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ បរិវត្តកម្មឌីជីថលក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ផែនការបរិវត្តកម្មឌីជីថលឆ្នាំ២០២៤ និងការរៀបចំអនុវត្តកម្មវិធីកសាងច្បាប់និងលិខិតបទដ្ឋានគិតយុត្ត និងកម្មវិធីអភិវឌ្ឍធនធានមនុស្ស៕