(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ការចងក្រងជាសហគមន៍កសិកម្មទំនើប នឹងអាចការប្រកួតប្រជែងជាមួយបន្លែនាំចូលដោយមិនបាច់បិទការនាំចូល ខណៈដែលដំណាំមានប្រភពច្បាស់លាស់ មិនបន្លំ ដាំដោយខ្មែរ គុណភាពល្អជាង និងមានលក់គ្រប់រដូវមិនចេះដាច់។

ការលើកឡើងបែបនេះរបស់លោក ឃឹម ហ្វីណង់ ធ្វើឡើងបន្ទាប់ពីដំណើរទស្សកិច្ចរបស់ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំក្រសួង ព្រមទាំងមានការចូលរួមពីលោកអភិបាលខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន ជួបសំណេះសំណាលជាមួយប្រជាកសិករជាសមាជិកសហគមន៍ដាំបន្លែក្នុងផ្ទះសំណាញ់ នៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងពិធីជួបសំណេះសំណាលនោះ លោក ឌិត ទីណា បានបញ្ជាក់ថា ការចូលរួមក្នុងសហគមន៍កសិកម្មទំនើប នឹងជួយឱ្យប្រជាកសិករទទួលបានផលចំណេញច្រើន តាមរយៈការរៀបចំផែនការផលិតច្បាស់លាស់ ហើយផ្សារភ្ជាប់ទៅកាន់ទីផ្សារដោយត្រង់ មិនត្រឹមតែប៉ុណ្ណោះ សហគមន៍កសិកម្មទំនើបនឹងទទួលបានការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជា ផ្ទះសំណាញ់ ប្រព័ន្ធស្រោចស្រពត្រឹមត្រូវតាមបច្ចេកទេស ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការចំណាយឱ្យបានជាអតិបរិមា។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ដែរថា ដើម្បីឱ្យច្បាស់ថាបន្លែអ្នកត្រាំកក់ពិតជាមានសុវត្ថិភាពមែន ទាល់តែថ្នាក់ដឹកនាំក្រសួងហ៊ានហូបឱ្យមើលមុនគេ ហើយហូបផ្ទាល់នៅហ្នឹងកន្លែងដាំក្នុងរោងតែម្តង។

ជាមួយគ្នានេះ លោក ឃឹម ហ្វីណង់ បានលើកឡើងថា អនាគតទៅគឺដូច្នេះឯង យើងចង់មានកន្លែងសហគមន៍ដាំបន្លែដ៏ធំមួយនៅត្រាំកក់«ដាំបន្លែលក់ចេញក្នុងតម្លៃសមរម្យ ធានាថាមិនប៉ះពាល់ដល់សុខភាព ហើយអាចផ្គត់ផ្គង់បានជារៀងរាល់ថ្ងៃ» សំខាន់គឺដឹងប្រភពច្បាស់លាស់ មិនបន្លំ និងអាចធានាបានថាពិតជាដាំដោយខ្មែរ។

អ្នកនាំពាក្យក្រសួងកសិម្ម មានសង្ឃឹមថា «នៅពេលដែលថ្ងៃនោះមកដល់យើងនឹងអាចប្រកួតប្រជែងជាមួយបន្លែនាំចូល ដោយស្មើមុខស្មើមាត់បានហើយ ប្រសិនបើថ្លៃដូចគ្នា គុណភាពល្អជាង ហើយមានលក់មិនចេះដាច់ មិនបាច់បិទការនាំចូល ក៏ប្រហែលគ្មានបន្លែនាំចូលឯណាអាចលក់ឈ្នះបន្លែខ្មែរបានដែរ ឱ្យតែយើងរួមគ្នាផលិតជាសហគមន៍ធំៗ កុំភ្លេចថាបន្លែនាំចូល គេត្រូវបង់បន្ថែមថ្លៃដឹកជញ្ជូន សោហ៊ុយនាំចូល និងយកប្រាក់ចំណេញពីលើដែរ ល្មមៗគេមិនអាចធ្វើបានទេ»

សូមជម្រាបផងដែរថា រាចរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញនូវកម្មវិធីគោលនយោបាយការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែលជាចក្ខុវិស័យ​នៃការ​អនុវត្តផលិតកម្មកសិកម្មរួមគ្នាក្នុងទ្រង់ទ្រាយធំនៅក្នុងវិស័យកសិកម្ម និងមានគោលបំណងប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព។ កម្មវិធីគោលនយោបាយនេះ ត្រូវបានរំពឹងទុកថា នឹងជួយលើកកម្ពស់កម្រិតជីវភាពប្រជាកសិករ ក៏ដូចជានឹងបង្កើនប្រសិទ្ធភាពផលិតកម្មប្រកបដោយភាតរបរិស្ថាន និងចីរភាព៕