(សិង្ហបុរី)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវិនិយោគិនសិង្ហបុរីទាំងអស់ ដើម្បីស្វែងយល់ពីឱកាសដ៏សម្បូរបែប នៅក្នុងទីផ្សារកម្ពុជាដែលមានថាមពល និងកំពុងរីកចម្រើនប្រកបដោយចីរភាព។

 ការប្រកាស្វាគមន៍ក្រុមអ្នកវិនិយោគិនសិង្ហបុរី របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចធិបតី បានអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ដែលរៀបចំឡើងនៅប្រទេសសិង្ហបុរី ដែលមានអ្នកវិនិយោគចូលរួមសរុប ចំនួន៤៨១នាក់ ដែលមកពីបណ្តាក្រុមហ៊ុនចំនួន៣៤៨ក្រុមហ៊ុន។

ជាមួយនឹងការប្រកាសស្វាគមន៍អ្នកវិនិយោគិនសិង្ហបុរី, សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ក្នុងប៉ុន្មានខែដំបូងនៃអាណត្តិ របស់សម្តេចជានាយករដ្ឋមន្ត្រីនៃនីតិកាលទី៧ សម្តេចបានដឹកនាំវេទិការរដ្ឋាភិបាល-វិស័យឯកជនលើកទី១៩ ដើម្បីដោះស្រាយបញ្ហាប្រឈម និងកង្វល់ដែលលើកឡើងដោយអង្គភាពធុរកិច្ច និងវិនិយោគិនក្នុងប្រតិបត្តិការអាជីវកម្មរបស់ពួកគេក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា វិធានការច្បាស់លាស់ជាច្រើនត្រូវបានដាក់ចេញ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសម្រួលពាណិជ្ជកម្ម និងសម្រាលបន្ទុកស្ទើរតែទាំងអស់ ដែលនាំវិស័យឯកជនទាំងអស់ ទៅរកវិស័យអាទិភាព ដូចជាទេសចរណ៍ កសិកម្ម កសិឧស្សាហកម្ម ការដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ សំណង់ អចលនទ្រព្យ ធនាគារ និងផ្សេងៗទៀត។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអញ្ជើញវិនិយោគិនសិង្ហបុរីទាំងអស់ មកស្វែងរកកាលានុវត្តភាពដ៏សម្បូរបែប នៅក្នុងទីផ្សារដែលមានថាមពល ដែលកំពុងរីកចម្រើនប្រកបដោយចីរភាព កាលានុវត្តភាព ដ៏ធំសម្បើមសម្រាប់កំណើននៃតម្លៃបន្ថែម បច្ចេកវិទ្យាឌីជីថល សេដ្ឋកិច្ចបៃតង និងកសិឧហ្សាហកម្ម»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញជំនឿថា ជំនាញបច្ចេកវិទ្យារបស់សិង្ហបុរី អាចជាកាតាលិករ អាចជំរុញផ្លាស់ប្តូរឧស្សាហកម្មរបស់កម្ពុជា និងបង្កើតកាលានុវត្តភាពដែលអាចផ្តល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញ ទៅមកសម្រាប់ប្រជាជនទាំងពីរ កម្ពុជា-សិង្ហបុរី។ រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រ និងការណែនាំគ្រប់ជ្រុងជ្រោយពេញមួយដំណើរការវិនិយោគរបស់ក្រុមអ្នកវិនិយោគិនសិង្ហបុរី ដើម្បីធានាបាននូវបទពិសោធន៍ពាណិជ្ជកម្មប្រកបដោយភាពរលូន និងជោគជ័យ។

ទន្ទឹមនឹងនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភាពជាដៃគូដ៏រឹងមាំកម្ពុជា-សិង្ហបុរីនេះ ដែលបានចាក់គ្រឺះដោយសម្តេចឪ នរោត្តម សីហនុ និងនាយករដ្ឋមន្ត្រីទីមួយរបស់ប្រទេសសិង្ហបុរី លោក លី ក្វាន់យូ មានស្ថានភាពកាន់តែរីកចម្រើនខ្លាំងឡើងៗ៕