(ភ្នំពេញ)៖ ក្រុមបញ្ញវន្ត និងអ្នកស្រាវជ្រាវនៅប្រទេសកម្ពុជាបានចាត់ទុកថា សៀវភៅផ្តួចផ្តើមអរិយធម៌សកលរបស់លោក ស៊ី ជីងភីង ប្រធានរដ្ឋចិន គឺមានតម្លៃខ្ពស់ណាស់ក្នុងការជំរុញឱ្យមានសុខសន្តិភាព និងសុខដុមនីយកម្មទាំងផ្នែកសាសនា វប្បធម៌ ជំនឿសម្រាប់ប្រជាជនគ្រប់ជាតិសាសន៍។

ការបង្ហាញបែបនេះបន្ទាប់ពីសៀវភៅជាខេមរភាសា ស្តីពីយល់ដឹងកាន់តែស៊ីជម្រៅគំនិតផ្តួចផ្តើមអរិយធម៌សកល ត្រូវបានផ្សព្វផ្សាយជាសាធារណៈរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ក្រោមការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជាមជ្ឈមណ្ឌលកម្ពុជា សម្រាប់ការស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សទី២១ និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន។

បើតាមការបញ្ជាក់ពីលោកលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិននិងជាអ្នកចងក្រងនូវសៀវភៅ ជាខេមរភាសានេះ បញ្ជាក់ថាសៀវភៅនេះនឹងអាចបង្កើនបរិមាណកាន់តែច្រើនរបស់អ្នកអាន និងអ្នកសិក្សាស្រាវជ្រាវក្នុងប្រទេសកម្ពុជា។

លោកបញ្ជាក់ដូច្នេះថា៖ «ចំណុចសំខាន់នៃអរិយធម៌សកលនេះ គឺផ្តោតលើចំណុចសំខាន់ចំនួន៤៖ ទី១ និយាយពីការគោរពឱ្យតម្លៃគ្នា ទៅលើអរិយធម៌ចម្រុះ ទី២ គឺការយល់ដឹងកាន់តែស៊ីជម្រៅពហុនិយម នៃអរិយធម៌ ទី៣គឺការរៀនសូត្រ សិក្សាពីគ្នាទៅវិញទៅមក រវាងអ្នកមានអរិយធម៌ផ្សេងៗគ្នា និងទី៤គឺការរួមគ្នាធ្វើឱ្យប្រសើរឡើង នូវសុខដុមនីយកម្មរវាងមនុស្សនិងមនុស្ស តាមរយៈការធ្វើឱ្យមានការយល់គ្នា ដើម្បីឈានទៅដល់ការកសាងសហគមន៍ជោគវាសនារួម»

លោកបណ្ឌិតកត់សម្គាល់ឃើញថា ប្រសិនជាមានការបំពាន ឬមិនឱ្យតម្លៃទៅលើអរិយធម៌ ជំនឿជាតិសាសនផ្សេងៗ ហើយមិនមានការសិក្សា ពន្យល់ឱ្យបានច្បាស់លាស់នោះទេ ពិតណាស់នឹងមានការខ្វែងគំនិតបង្កឱ្យមានការយល់ច្រឡំគ្នា ហើយពិតណាស់សន្តិភាពក៏មិនអាចកើតមានដែរ។ លោកបណ្ឌិតជាមុនីឫទ្ធិ៖ «អរិយធម៌ណាក៏មានតម្លៃរបស់គេដែរ។ អ៊ីចឹងបើមានការបន្ទច់បង្អាក់អរិយធម៌ របស់អ្នកដទៃនាំឱ្យមានការរើសអើង ហើយការរើសអើងនេះ វាឈានធ្លាក់ទៅក្នុងមនោគមន៍ វិទ្យាសង្គ្រាមត្រជាក់។ យើងដឹងហើយសង្គ្រាមត្រជាក់វាកើតឡើងពី មនោគមន៍វិទ្យាអរិយធម៌នេះឯង។ អ៊ីចឹងហើយបានជាចិន បានលើកឡើងថា ទាក់ទងទៅនឹងកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។ ប្រទេសចិនបានផ្តួចផ្តើមកិច្ចកសាង សហគមន៍ចំនួនពីរ ទីមួយ គឺកិច្ចកសាងសហគមន៍រួមជីវិត មានន័យថា ធ្វើឱ្យសុខដុមនីយកម្មរវាងមនុស្ស និងធម្មជាតិ។ បើយើងចិញ្ចឹមផែនដីនោះវានឹងចិញ្ចឹមយើងវិញ។ដូចថ្នាក់ដឹកនាំយើងលើកឡើងថា បើយើងនៅជិតទន្លេ នោះទន្លេនឹងចិញ្ចឹមយើងវិញ»។

លោកបណ្ឌិត នាក់ ចិន្តារិទ្ធិ ប្រធានមជ្ឈមណ្ឌលកម្ពុជាសម្រាប់ការស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សទី២១ មានប្រសាសន៍ដែរ គំនិតផ្តួចផ្តើមអរិយធម៌សកលរបស់ចិន បានពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរមនុស្សជាតិ ឱ្យកាន់តែល្អប្រសើរជាពិសេសធ្វើមាន សន្តិភាពកើតឡើងជាបន្តបន្ទាប់។ លោកបណ្ឌិតបន្ថែមថា៖ «អរិយធម៌សកលដែលផ្តួចផ្តើមឡើងដោយប្រទេសចិន បានផ្តល់ជូននូវមធ្យោបាយយ៉ាងសំខាន់លើ ការថែរក្សាសន្តិភាពតាមរយៈដំណោះស្រាយស្តីពី ការប៉ះទង្គិចផ្នែកវប្បធម៌។ ហើយការប្រកាន់ភ្ជាប់ជានិច្ចនូវភក្តីភាពសុខដុមរមនារវាងមនុស្ស និងមនុស្ស។ អរិយធម៌របស់ប្រទេសលោកខាងកើត ជាពិសេសប្រទេសចិនជាមធ្យោបាយមួយដើម្បីស្វែងរកនូវសន្តិភាព»

កញ្ញា អៀង សុជាតា ជានិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញបានឱ្យតម្លៃយ៉ាងខ្លាំង ចំពោះភៅសៀវភៅជាខេមរភាសា ស្តីពីយល់ដឹងកាន់តែស៊ីជម្រៅគំនិតផ្តួចផ្តើមអរិយធម៌សកលរបស់ចិនព្រោះ វាបានបង្កប់នូវអត្ថន័យអប់រំពីវប្បធម៌សកលមួយយ៉ាងសំខាន់ ក្នុងជំរុញឱ្យមានភាពចុះសម្រុងគ្នារវាងមនុស្សជាតិ។

កញ្ញាបញ្ជាក់ថា៖ «ខ្ញុំគិតថាសៀវភៅជាខេមរភាសា ស្តីពីយល់ដឹងកាន់តែស៊ីជម្រៅគំនិតផ្តួចផ្តើមអរិយធម៌សកលនេះ ពិតជាមានសារសំខាន់មែនទែន ព្រោះធ្វើឱ្យយើងបានយល់ដឹងពីអរិយធម៌សកល សម្រាប់មនុស្សជាតិទាំងអស់»

ដូចគ្នានេះដែរ និស្សិតផ្នែកទំនាក់ទំនងអន្តរជាតិម្នាក់ទៀត គឺកញ្ញា ឈួន សុភាវត្តី បានលើកឡើងដែរថា ចំណេះដឹងពីគំនិតផ្តួចផ្តើម សកលរបស់ចិនពិតជាមានសារៈសំខាន់សម្រាប់រូបនាង ដែលកំពុងសិក្សាមុខវិជ្ជាទំនាក់ទំនងអន្តរជាតិ ជាពិសេសបានបណ្តុះស្មារតី ឱ្យស្រលាញ់សន្តិភាព។ កញ្ញាបញ្ជាក់ថា៖ «សៀវភៅនេះបាននិយាយពីគំនិតផ្តួចផ្តើមសកលរបស់ចិន បានអប់រំឱ្យបានយល់ពីតម្លៃ សុខដុមនៃអរិយធម៌ និងវប្បធម៌។ សៀវភៅនេះ មានការទាក់ទងទៅនឹងមុខជំនាញរបស់ខ្ញុំកំពុងរៀនជំនាញទំនាក់ទំនងអន្តរជាតិផងដែរ»។

សូមបញ្ជាក់ថាលោក ស៊ី ជីនពីងប្រធានរដ្ឋចិនបានដាក់ចេញនូវ «គំនិតផ្តួចផ្តើមអរិយធម៌សកល» កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ដើម្បីដោះស្រាយបញ្ហារួមរបស់មនុស្សជាតិ និងលើកកម្ពស់សន្តិភាពពិភពលោក ផ្អែកលើគោលការណ៍ស្នូលចំនួន ៤ គឺ ១-ការគោរពភាពចម្រុះនៃអរិយធម៌ពិភពលោក ២-ការផ្សព្វផ្សាយគុណតម្លៃរួមនៃមនុស្សជាតិ ៣-ការយកចិត្តទុកដាក់លើការបន្តវេន និងនវានុវត្តន៍លើអរិយធម៌ និង ៤-ការពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរប្រជាជន និងប្រជាជន៕

វិទ្យុមិត្តភាពកម្ពុជាចិន៖ (អត្ថបទដោយលោកចេម វឌ្ឍនា)