(ភ្នំពេញ)៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ពីវត្តមានរបស់ផ្សោតឃ្លៀច ឬផ្សោតផ្កាឈូកនៅក្នុងដែនសមុទ្រកម្ពុជា​ ត្រង់ចំណុចពាក់កណ្ដាលផ្លូវកំពង់សោម និងកោះរ៉ុង។

រដ្ឋបាលជលផលបានបញ្ជាក់ទៀតថា ហ្វូងផ្សោតទាំងនោះតែងតែមានវត្តមានក្នុងសមុទ្រខេត្តកែប កំពត ប្រជុំកោះរ៉ុងនៃខេត្តព្រះសីហនុ និងខាងមុខពាមក្រសោបនៃខេត្តកោះកុង។

រដ្ឋបាលជលផល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ នូវការចូលរួមផ្សព្វផ្សាយអំពីធនធានជលផលសមុទ្រ ដ៏មានតម្លៃរបស់យើង ដើម្បីទាក់ទាញទេសចរណ៍មកកំសាន្តឱ្យកាន់តែច្រើន។ ប៉ុន្តែរដ្ឋបាលផលផលស្នើសុំបងប្អូនដែល ប្រើប្រាស់បណ្តាញសង្គមដើម្បីផ្សព្វផ្សាយ ត្រូវប្រើប្រាស់ព័ត៌មាននិងរូបភាពជាក់ស្តែងក្នុងសមុទ្រយើងផ្ទាល់ កុំប្រើប្រាស់ រូបភាពមិនមានប្រភពច្បាស់លាស់ រូបភាពពីក្រៅប្រទេស ឬរូបភាពកែច្នៃ ដូចករណីផ្សោតឃ្លៀចដែលបាននិងកំពុង ចែកចាយតៗគ្នានេះ។ ការប្រើរូបភាពដែលមានប្រភពពីក្រៅប្រទេស ឬមិនច្បាស់លាស់ នាំឱ្យមានការភ័ន្តច្រឡំ ដូចនេះ សូមអ្នកផ្សព្វផ្សាយនិងចែករំលែកមេត្តាលុបចេញ៕