(ភ្នំពេញ)៖ សិក្ខាកាមចំនួន៣០៩នាក់មកពីក្រសួង ស្ថាប័ន និងក្រុមហ៊ុនឯកជននានា បានបន្តចូលរួមក្នុងសិក្ខាសាលាស្ដីពីសន្តិសុខសាយប័រ ឬការការពារប្រព័ន្ធទិន្នន័យឌីជីថល (Cyber Security) ជាមួយនឹងការទទួលបានចំណេះដឹងពាក់ព័ន្ធនឹងបញ្ហាដែលកើតមានការគំរាមកំហែងលើប្រព័ន្ធទិន្នន័យឌីជីថល ការបង្ការការពារ ការទប់ស្កាត់ និងការដោះស្រាយនៅពេលកើតមានបញ្ហាណាមួយទៅលើសន្តិសុខសាយប័រ។

សិក្ខាសាលានេះសហការរៀបចំឡើងរវាងក្រុមហ៊ុន VW Software Technology និងសាកលវិទ្យាល័យធនធានមនុស្ស នៅសាកលវិទ្យាល័យ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។

លោកសាស្ត្រាចារ្យបណ្ឌិត ជា សុភាព សាកលវិទ្យាធិការនៃសាកលវិទ្យាល័យធនធានមនុស្ស បានឱ្យដឹងថា ការប្រយុទ្ធប្រឆាំងជាមួយនឹងជនល្មើសព័ត៌មានវិទ្យានៅក្នុងយុគសម័យឌីជីថលនេះ គឺមិនមានភាពងាយស្រួលនោះទេ ដោយសារតែគូសត្រូវរបស់យើងជាជនអនាមិក ហើយមិនដឹងថានៅទីណា។ ដូចនេះការយកចិត្តទុកដាក់លើផ្នែកសន្តិសុខសាយប័រ ឬការការពារប្រព័ន្ធទិន្នន័យឌីជីថល គឺជាការការពារប្រព័ន្ធកុំព្យូទ័រ, Servers, ទូរសព្ទ, ប្រព័ន្ធអេឡិចត្រូនិក, Network និងទិន្នន័យពីការវាយប្រហារផ្សេងៗដែលមានគោលបំណងមិនល្អ ដែលចង់លុកចូល ចង់ផ្លាស់ប្តូរ ចង់បង្កក ឬចង់កម្ទេចនូវព័ត៌មានសំខាន់ៗ ឬលួចយកទិន្ន័យ ឬលុយពីអ្នកប្រើប្រាស់ ឬធ្វើឱ្យរាំងស្ទះដល់ដំណើរការធុរកិច្ចទូទៅ។

លោកសាស្ត្រាចារ្យបណ្ឌិត បានបន្តថា ស្របពេលបច្ចេកវិទ្យាមានការរីកចម្រើន បណ្តាអាជីវកម្មខ្នាតធំ មធ្យម តូច អង្គភាពនានាក្នុងប្រទេសកម្ពុជាបានពឹងផ្អែកលើវិស័យមួយនេះ ដើម្បីដំណើរការណ៍អាជីវកម្ម ប៉ុន្តែក្តីបារម្ភអំពីការលួច និងបំផ្លាញទិន្នន័យសំខាន់ផ្សេងៗពីក្រុម Hacker ក៏មានច្រើនដែរ ដែលស្ថាប័ននីមួយៗចាំបាច់ត្រូវពង្រឹងលើប្រព័ន្ធសុវត្ថិភាព Cyber Security គឺជាប្រព័ន្ធសុវត្ថិភាពការពារប្រព័ន្ធពីជនលួចទិន្នន័យ (Hacker) ឬការការពារការបំផ្លាញ Hardware, Software ឬទិន្នន័យអេឡិចត្រូនិក ក៏ដូចជាការរំខានផ្សេងៗទៅលើសេវាកម្មដែលក្រុមហ៊ុនមួយផ្ដល់ជូនអតិថិជន។

លោកស្រី ផន សុភាវី សហស្ថាបនិក និងជានាយកប្រតិបត្តិហិរញ្ញវត្ថុ នៃក្រុមហ៊ុន VW Software Technology បានឱ្យដឹងថា ក្នុងពេលប៉ុន្មានឆ្នាំមកនេះ នៅប្រទេសកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់បានរងការគំរាមកំហែងផ្នែក Cyber Security គួរឱ្យព្រួយបារម្ភ ហើយបង្កឱ្យមានផលប៉ះពាល់និងការរំខានដល់សន្តិសុខសាយប័រ ប្រព័ន្ធទិន្នន័យឌីជីថលជាដើម ក្នុងនោះមិនត្រឹមតែបញ្ហារបស់ក្រុមហ៊ុនឯកជន ធនាគារ និងក្រសួង-ស្ថាប័នរដ្ឋប៉ុណ្ណោះទេ សូម្បីតែព័ត៌មានសម្ងាត់ឯកជនក៏ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដែរ ដែលទាមទារឱ្យមានវិធានការបង្ការនិងទប់ស្កាត់ជាចាំបាច់ ព្រមទាំងត្រូវមានការរក្សាទុកនិងការពារយ៉ាងយកចិត្តទុកដាក់។

ហេតុដូច្នេះហើយបានជាក្រុមហ៊ុននិងសាកលវិទ្យាល័យសហការជាមួយគ្នារៀបចំសិក្ខាសាលាជាលើកទី២ នេះឡើង ដើម្បីបញ្ជ្រាបចំណេះដឹងមូលដ្ឋាននៃការរក្សាសុវត្ថិភាព សន្តិសុខសាយប័រ សារសំខាន់នៃសុវត្ថិភាពសន្តិសុខសាយប័រ ច្បាប់ការពារ ក៏ដូចជាគោលការណ៍សុវត្ថិភាព សន្តិសុខសាប័រ ជាដើម ជូនដល់សិក្ខាកាមដែលមកពីក្រសួង-ស្ថាប័នរដ្ឋ ស្ថាប័នឯកជនពាក់ព័ន្ធ ដែលមានការធ្វើបទបង្ហាញពីអ្នកជំនាញក្រៅប្រទេស មានបទពិសោធជាច្រើនឆ្នាំក្នុងកិច្ចការ Cyber Security នេះ។

លោកស្រីបានបន្តថា រយៈពេលជាង២ឆ្នាំហើយដែលក្រុមហ៊ុន VW Software Technology មានបទពិសោធផ្ដល់សេវាកម្មដោះស្រាយបញ្ហា Cyber Security ជូនបណ្ដាក្រុមហ៊ុន អង្គភាព ស្ថាប័នានានៅប្រទេសកម្ពុជា ក្នុងនោះមានសេវាកម្មដល់ទៅ១០ផ្នែកឯណោះ។ ក្រុមហ៊ុន VW Software Technology ក៏អាចផ្ដល់កិច្ចសហការជាមួយក្រសួង-ស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលជូនមន្ត្រី បុគ្គលិក ដើម្បីពង្រឹងផ្នែកសន្តិសុខសាយប័រ ឬការការពារប្រព័ន្ធទិន្នន័យឌីជីថលផងដែរ៕