(ភ្នំពេញ)៖ លោក នួន នី អនុប្រធាន និងជាតំណាងសហភាពសហជីពការងារសន្តិភាព បានចេញវីដេអូរបដិសេធ និងច្រានចោលទាំងស្រុងចំពោះលើកឡើងជារបាយការណ៍របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ ដែលបានផ្ដល់បទសម្ភាសឲ្យវិទ្យុអាស៊ីសេរី និងវិទ្យុបារាំងចេញផ្សាយកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។

លោកថា របាយការណ៍នោះគឺមិនពិត មិនឯករាជ្យ មានចរិតនយោបាយ លម្អៀង និងមិនយុត្តិធម៌ ពិសេសមិនមានការចូលរួមត្រួតពិនិត្យ និងវាយតម្លៃពីភាគីពាក់ព័ន្ធ (អង្គការវិជ្ជាជីវៈទាំងអស់នៅកម្ពុជា)។

លោក នួន នី បានបញ្ជាក់ថា របាយការណ៍របស់សង់ត្រាល់ គឺមានចេតនាយ៉ាងពិតប្រាកដ ព្រោះបានវាយប្រហារទាំងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ វាយប្រហារ ILO BFC ដែលជាស្ថាប័នផ្ដល់ទំនុកចិត្តយ៉ាងសំខាន់សម្រាប់ អ្នកវិនិយោគទុននៅកម្ពុជា និងញុះញុងឲ្យមានការរើសអើង បែងចែក បំបែកបំបាក់អង្គការសហជីព និងបំផ្លាញភាពចាស់ទុំរបស់អង្គការវិជ្ជាជីវៈនៅកម្ពុជាផងដែរ ពិសេសធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកវិនិយោគ ដែលមានបំណងចង់មកវិនិយោគទុននៅកម្ពុជា និងអាចបណ្ដាលឲ្យមានការយល់ច្រឡំ និងព្រួយបារម្មណ៍មិនហ៊ានមកវិនិយោគនៅកម្ពុជាជាដើម។

ម្យ៉ាងវិញទៀត អាចធ្វើឲ្យប្រទេសកម្ពុជារងផលប៉ះពាល់ដល់ភាពប្រកួតប្រជែងទីផ្សារនាំចេញលើឆាកអន្តរជាតិ ជាមួយនឹងប្រទេសជិតខាង និងធ្វើឲ្យកម្មករនិយោជិតបាត់បង់ការងារ ដោយសារតែអ្នកបញ្ជាទិញមើលឃើញរបាយការណ៍មិនពិត ដែលចេញដោយសង់ត្រាល់ ហើយអ្នកវិនិយោគទុនដែលមានស្រាប់ និងកំពុងតែផលិតផ្គត់ផ្គង់អ្នកបញ្ជាទិញមានការភ័យខ្លាចយ៉ាងខ្លាំងចំពោះការនាំចេញ។

លោក នួន នី ក្នុងនាមសហភាពសហជីពការងារសន្តិភាព បានសង្កេតឃើញថា សង់ត្រាល់បានដើរតួនាទីរំលោភលើកិច្ចការអង្គការវិជ្ជាជីវៈ ដូចជា ចងក្រងកម្មករបង្កើតសហជីពតាមរោងចក្រ ចុះដោះស្រាយបញ្ហានៅក្នុងរោងចក្រ និងដឹកនាំកូដកម្មទៀតផង។ អនុប្រធានសហភាពសហជីពការងារសន្តិភាពថា សង់ត្រាល់ទទួលលុយពីអ្នកបញ្ជាទិញបើកឲ្យកម្មករ មិនបានបង្ហាញចំនួនដល់កម្មករនោះទេ ហើយក៏មិនបានធ្វើរបាយការណ៍បង្ហាញជាសាធារណៈនោះដែរ។

អនុប្រធាន ថ្នាក់ដឹកនាំ និងសមាជិកសហភាពសហជីពការងារសន្តិភាពទាំងអស់យល់ឃើញថា ថ្នាក់ដឹកនាំ ក៏ដូចជាបុគ្គលិករបស់សង់ត្រាល់មានគំនិតអន់ជាងបរទេស ទាំងពួកគាត់មិនមែនជាជនជាតិខ្មែរ។ ប៉ុន្តែនៅពេលដែលពួកគាត់ មកទេសចរណ៍នៅកម្ពុជា ពួកគាត់មានការកោតសរសើរយ៉ាងខ្លាំងចំពោះវឌ្ឍនភាពរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយថែមទាំងបានជួយផ្សព្វផ្សាយតាមបណ្ដាញសង្គម របស់ខ្លួនឲ្យពិភពលោកបានមើលឃើញពីវឌ្ឍនភាពរបស់ប្រទេសកម្ពុជាទៀតផង ប៉ុន្តែថ្នាក់ដឹកនាំ និងបុគ្គលិករបស់សង់ត្រាល់ជាជនជាតិខ្មែរ ដែលបង្កើតអង្គការសង្គមស៊ីវិលអនុញ្ញាតដោយច្បាប់ខ្មែរ មិនគួរធ្វើរបាយការណ៍មិនពិតបំផ្លាញផលប្រយោជន៍ជនជាតិខ្លួនឯងទាល់តែសោះ។

អនុប្រធានសហភាពសហជីពការងារសន្តិភាពដដែលរូបនេះ បានលើកឡើងថា ប្រសិនបើសង់ត្រាល់ជាអង្គការសង្គមស៊ីវិល ដែលឈរលើភាពស្មោះត្រង់ ឯករាជ្យភាព មិនលម្អៀង និងយុត្តិធម៌ ទោះជាទទួលជំនួយពីបរទេសក៏ដោយសង់ត្រាល់ គួរតែបង្ហាញរបាយការណ៍ដែលឆ្លុះបញ្ចាំងទាំងភាពវិជ្ជមាន ផ្ដល់តម្លៃឲ្យអង្គការវិជ្ជាជីវៈ ហៅថា សហជីព ទទួលស្គាល់ពីភាពរីកចម្រើន ក៏ដូចជាភាពល្អប្រសើរនៃលក្ខណការងារនៅកម្ពុជាផងដែរ ព្រោះរបាយការណ៍មួយដែលមានភាពឯករាជ្យ តម្លាភាព និងយុត្តិធម៌ ត្រូវតែឆ្លុះបញ្ចាំងពីភាពវិជ្ជមាន និងអវិជ្ជមាន។

មួយវិញទៀត សង់ត្រាល់ ត្រូវបញ្ឈប់បន្ទាន់នូវសកម្មភាពទាំងឡាយរបស់ខ្លួន ដែលរំលោភលើកិច្ចការអង្គការវិជ្ជាជីវៈ។ បើក្នុងករណី សង់ត្រាល់ នៅតែបំពាននោះសហភាព សហជីព ការងារសន្តិភាព និងសមាជិកទាំងអស់ នឹងដង្ហែរជាក្បួនទៅកាន់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសុំកិច្ចអន្តរាគមន៍ចំពោះសង់ត្រល់) រំលោភលើកិច្ចការអង្គការវិជ្ជាជីវៈ ហៅថា សហជីព នឹងដាក់ពាក្យបណ្ដឹង រួមទាំងភស្ដុតាងទៅក្រសួងមហាផ្ទៃ ស្នើធ្វើការស៊ើបអង្កេតលើលក្ខន្ដិកៈ ជំនួយ និងរបាយការណ៍សកម្មភាព និងហិរញ្ញវត្ថុរបស់សង់ត្រាល់៕