(ភ្នំពេញ)៖ សិល្បករ សិល្បការិនីកម្ពុជាទាំងអស់ ប្ដេជ្ញាចិត្តខ្ពស់ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ផ្សព្វផ្សាយ អប់រំ ទាក់ទិនបញ្ហាគ្រឿងញៀន ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។

ការប្ដេជ្ញាចិត្តនេះ ធ្វើឡើងតាមរយៈឧកញ៉ា ព្រាប សុវត្ថិ ដែលតំណាងឲ្យសិល្បករ សិល្បការិនីកម្ពុជា ឡើងបង្ហាញការតាំងចិត្តក្នុងឱកាសរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ឧកញ៉ា ព្រាប សុវត្ថិ ដែលជាកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា បានយល់ឃើញថា គ្រឿងញៀន គឺជាបិសាចដ៏កាចសហាវមួយដែលអាចបំផ្លិចបំផ្លាញពលរដ្ឋ ក្រុមគ្រួសារ សង្គមជាតិ និងប្រទេសជាតិទាំងមូល។ គ្រឿងញៀន អាចកែប្រែមនុស្សពីស្លូតបូត ទៅជាកាចសាហាវ លែងដឹងខុសត្រូវ ប្រព្រឹត្តអំពើហិង្សា និងបទល្មើសនានាផងដែរ ហើយប្រសិនបើ យុវជន យុវនារីបណ្តោយខ្លួនឲ្យធ្លាក់ចូលក្នុងគ្រឿងញៀន អនាគតក្រុមគ្រួសារ និងប្រទេសជាតិ ពិតជាត្រូវបំផ្លិចបំផ្លាញជាក់ជាមិនខានឡើយ។

ឧកញ៉ា ព្រាប សុវត្ថិ តំណាងឲ្យសិល្បករ សិល្បការិនីទាំងអស់ បានធ្វើការប្រកាសជាឱឡារិក ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈការលើកកម្ពស់ ផ្សព្វផ្សាយ អប់រំ និងសូមធ្វើការសន្យា និងប្តេជ្ញាចិត្តដូចតទៅ៖

* សិល្បៈករ សិល្បៈការិនីទាំងអស់ មិនពាក់ព័ន្ធប្រើប្រាស់ គ្រឿងញៀនដាច់ខាត ដើម្បីជាគម្រូដ៏ល្អមួយសម្រាប់យុវជន យុវនារី និងសង្គមជាតិទាំងមូល

* ចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើការផ្សព្វផ្សាយពីសារអប់រំពីបញ្ហាគ្រឿងញៀន នៅគ្រប់វេទិកាសិល្បៈនានា

* សហការជាមួយក្រសួងព័ត៌មាន ជួយផលិតមាតិការអប់រំ ចម្រៀង រឿងខ្លីនានាដើម្បីដាស់តឿនក្រើនរំលឹក យុវជន យុវនារី ឲ្យជៀសឆ្ងាយពីគ្រឿងញៀន

* ចលនាយុវជន យុវនារី និងសារធារណៈជនទាំងអស់ឲ្យចូលរួម Download និងប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង សហការជួយផ្តល់មាតិការអប់រំបែបកម្សាន្ដសិល្បៈនានា ចូលក្នុង App NoDrug

* ប្រកាសគាំទ្រពេញទំហឹងចំពោះ បទបញ្ជារ០១បប គោលការណ៍ «សម្អាតចកចេញពី បឹង»របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីសហគមន៍យើងស្អាតស្អំគ្មានគ្រឿងញៀន៕