(កំពត)៖ លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី អគ្គនាយករង នៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ និងជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គឺជាអ្នកបម្រើប្រជាពលរដ្ឋដ៏ស្មោះត្រង់ មិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះទេ ត្រូវដាក់ចិត្តដាក់កាយបម្រើរាស្ត្រ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ មានជីវភាពធូរធារ និងមានការអភិវឌ្ឍនៅមូលដ្ឋាន។

ការថ្លែងនេះខណៈលោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី និងលោកស្រី ហ៊ឹម ច្រឹប តំណាងនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកដ្ឋានសម្ភារបច្ចេកទេស នៃក្រសួងការពារជាតិ ចូលរួមជាអធិបតីក្នុងពិធីបុណ្យផ្ការស្មីសាមគ្គី និងពុទ្ធាភិសេក ព្រះពុទ្ធបដិមាកម្ពស់១២ម៉ែត្រ នៅវត្តអង្គភ្នំតូច ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ដោយចូលរួមពីមន្ត្រី អាជ្ញាធរដែនដី ប្រជាពុទ្ធបរិស័ទ និងអ្នកពាក់ព័ន្ធជាង១០០០នាក់។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយឧត្តមសេនីយ៍ ចៅ ភិរុណ ជូនដល់ពុទ្ធបរិស័ទទាំងអស់ ដែលបានចូលរួមនាពេលនេះផងដែរ។

លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី ក៏បានរំលឹកអំពីប្រវត្តិប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់នៅភ្លើងសង្គ្រាម ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើទារុណកម្ម សម្លាប់រង្គាលយ៉ាងសាហាវឃោរឃៅ និងយង់ឃ្នងបំផុត ហើយជីវិតពេលនោះត្រូវបាននិរាសព្រាត់ប្រាស់ម្តាយ ឪពុក ប្រពន្ធកូន បងប្អូន សាច់ញាតិ គ្រួសារ មិនអាចរស់នៅជួបជុំគ្នាទេ ជីវិតរស់នៅមិនមានអាហារហូបចុកគ្រប់គ្រាន់ ស៊ីអត់ស៊ីឃ្លាន គ្មានមន្ទីរពេទ្យ គ្មានសាលារៀន វត្តអារាម ត្រូវបានក្លាយជាឃ្លាំងគ្រាប់ ជាគុកឥតជញ្ជាំង គ្មានកម្មសិទ្ធិ គ្មានសេរីភាព មានតែសំឡេងទួញសោក ដោយសារការធ្វើទារុណកម្មតែប៉ុណ្ណោះ។

លោកបានបន្ថែមថា ប្រសិនបើគ្មានថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងនយោបាយ ឈ្នះ ឈ្នះ នោះទេ ម្ល៉េះយើងទាំងអស់គ្នា ក៏គ្មានថ្ងៃនេះដែរ។

លោកបានអំពាវនាវមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តកំពត បន្តលើកកម្ពស់ប្រពៃណីស្នេហាជាតិ ស្រឡាញ់ប្រជាជន ពង្រឹងសាមគ្គីឯកភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំ ខិតខំសម្រេចរាល់ភារកិច្ច ពិសេសបន្តគាំទ្ររាជរដ្ឋាភិបាលដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីនាំមាតុភូមិកម្ពុជាឱ្យឆ្ពោះទៅរកភាពរីកចម្រើនរុងរឿងបន្ថែមទៀត។

ឧត្តមសេនីយ៍ឯក មាស ប៊ុនឡី ក៏បានស្នើដល់ប្រជាពលរដ្ឋ កុំលក់ដីស្រែចម្ការ ដើម្បីទុកដីធ្វើស្រែ ដាំដំណាំផ្សេងៗ ក្នុងការលើកកម្ពស់ជីវភាពឲ្យកាន់តែប្រសើរបន្ថែមទៀត ជាពិសេសត្រូវណែនាំកូនចៅឲ្យជៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ និងគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ជាពិសេសអាជ្ញាធរនៅមូលដ្ឋានត្រូវបន្តផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ។

សូមបញ្ជាក់ថា ព្រះពុទ្ធបដិមាអង្គកម្ពស់ ១២ ម៉ែត្រនេះ សាងសង់ហើយរួចរាល់ នៅថ្ងៃទី៥ខែឧសភា ឆ្នាំ២០២៤ ដែលចំណាយថវិការអស់ចំនួន២១១០០ដុល្លារ ដែលជាថវិការរបស់ឧត្តមសេនីយឯក មាស ប៊ុនឡី ព្រមទាំងគណៈកម្មការអាចារ្យវត្ត ឧបាសក ឧបាសិកា ចំណុះជើងវត្តនិងសប្បុរសជនជិតឆ្ងាយមួយចំនួនទៀត។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី និងលោកស្រី ក៏បានជូននូវក្រណាត់ស ១ដុំ ដល់យាយជី តាជី និងប្រជាពុទ្ធបរិស័ទ ដែលបានចូលរួមផងដែរ៕