(ភ្នំពេញ)៖ លោកស្រីសាស្ដ្រាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានស្នើដល់ថ្នាក់ដឹកនាំតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពទូទាំងប្រទេស ត្រូវយកចិត្ដទុកដាក់ខ្ពស់ចំពោះស្ដ្រីមានផ្ទៃពោះ ពិសេសត្រូវបង្កើតទំនាក់ទំនងជាមួយពួកគាត់នៅពេលមកទទួលសេវាពិនិត្យផ្ទៃពោះលើកដំបូង ដើម្បីសួរនាំលម្អិតពីសុខភាព និងណែនាំពីរបៀបថែទាំខ្លួន និងកូនក្នុងផ្ទៃឱ្យមានសុខភាពល្អ ពិសេសការលើកទឹកចិត្ដឲ្យមកទទួលសេវាពិនិត្យទៀងទាត់។

ការថ្លែងយ៉ាងដូច្នេះរបស់លោកស្រីសាស្ដ្រាចារ្យ ក្នុងឱកាសអញ្ជើញជាអធិតីភាពបើកសិក្ខាសាលាពិនិត្យប្រចាំឆ្នាំ សេវាសង្គ្រោះបន្ទាន់ ផ្នែកសម្ភព និងការថែទាំទារកទើបនឹងកើត នៅចុងសប្ដាហ៍នេះ នាសណ្ឋាគារភ្នំពេញ។

លោកស្រីសាស្ដ្រាចារ្យ អ៉ឹម សិទ្ធិការ្យ បានថ្លែងបន្ដថា ពិតណាស់ការការពារ ប្រសើរជាងការព្យាបាល ដូចច្នេះសូមផ្ដាំផ្ញើទៅថ្នាក់ដឹកនំាទាំងអស់ ជាពិសេសនៅតាមបណ្ដាលខេត្ដ សូមឱ្យចិត្ដទុកដាក់ក្នុងការថែទាំស្ដ្រីមានផ្ទៃពោះ មុនពេលសម្រាល។

«បើសិនជាយើងមើលថែម្ដាយឱ្យបានល្អ ទារកកើតមក ៨៥% មានសុខភាពល្អ មិនចាំបាច់ត្រូវការសង្គ្រោះពីក្រុមគ្រូពេទ្យនោះទេ ដោយគ្រាន់តែជូតសម្អាតទារក រួចយកទៅជូនឪពុកម្ដាយរបស់ទារកជាការស្រេច ហើយមានត្រឹម ១៥% ប៉ុណ្ណោះដែលអាចនឹងត្រូវការជួយសង្គ្រោះពីគ្រូពេទ្យ។ចំណែកម្ដាយក៏ដូចគ្នា បើយើងថែទាំងបានល្អ នៅពេលគាត់មកពិនិត្យផ្ទៃពោះ គឺលើសពី៨០% មិនមានបញ្ហាអ្វីនោះទេ ហើយ ១០% -១៥% ប៉ុណ្ណោះត្រូវការមើលការថែបន្ថែមពីគ្រូពេទ្យ។ ដូចនេះបើយើងធ្វើបាន អត្រាមរណភាពមាតា និងទារក នឹងធ្លាក់ចុះ»

«ចឹងខ្ញុំសូមផ្ដាំផ្ញើទៅថ្នាក់ដឹកនាំទាំងអស់ ទាំងនៅតាមមណ្ឌលសុខភាព ធ្វើយ៉ាងណាត្រូវកសាងឱ្យមានទំនាក់ទំនងល្អនៅពេលស្ត្រីមានផ្ទៃពោះ មកពិនិត្យលើកដំបូង ព្រោះយើងអាចផ្ដល់ព័ត៌មានដល់គាត់ ឱ្យបានយល់ពីការតាមដានផ្ទៃពោះ ហើយយើងក៏អាចស្គាល់ពីគាត់ និងរកឃើញសញ្ញាហានិភ័យផ្សេងៗរួមទាំងជំងឺទឹកនោមផ្អែមកំឡុងពេលមានផ្ទៃពោះ ពិសេសអាចដឹងថាគាត់មាន ឬអត់មានបញ្ហាប្រឈម។ ប្រសិនបើមានហានិភ័យណាមួយកើតឡើងលើស្ដ្រីមានផ្ទៃពោះ យើងជាគ្រូពេទ្យក៏បានដឹងមុន និងត្រៀមលក្ខណៈជាស្រេចក្នុងការសង្គ្រោះជាបន្ទាន់»

លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាលបានបន្ថែមថា លើសពីនោះ ទោះជាបានថែទាំស្ដ្រីមានផ្ទៃពោះមុនពេលសម្រាលក៏ដោយ គ្រូពេទ្យទាំងអស់ក៏មិនត្រូវប្រហេសដែរ ត្រូវបន្ដយកចិត្ដទុកដាក់ រហូតដល់ក្រោយសម្រាលកូនរួច ព្រោះហានិភ័យអាចកើតមានរហូត។

ដូច្នេះសិក្ខាសាលានៅពេលនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីរកឱ្យឃើញបញ្ហាប្រឈម និងកត្ដាធ្វើឱ្យស្រ្ដីស្លាប់ ជាពិសេសការធ្លាក់ឈាមក្រោយសម្រាល និងផែនការកែលម្អសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំរកទើបនឹងកើត សម្រាប់ឆ្នាំ២០២៤ -២០២៥ ដើម្បីពន្លឿនការកាត់បន្ថយអត្រាស្លាប់របស់មាតា និងទារក ជាពិសេសអត្រាមរណភាពរបស់មាតា ។

លោកស្រីសាស្ដ្រាចារ្យបន្ដថា ការបណ្ដុះបណ្ដាលជំនាញដល់មន្ដ្រីសុខាភិបាល ជាពិសេសសុខភាពមាតា និងទារក និងការប្រមូលទិន្និន័យជាប្រចាំ ពិសេសសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបនឹងកើត ការស្រាវជ្រាវជាមរណភាពមាតា និងទារក និងអន្ដរាគមន៍ឆ្លើយតប ការប្រជុំជាទៀងទាត់ រវាងមូលដ្ឋានសុខាភិបាល ដើម្បីកែលម្អសេវាសុខាភិបាល និងបញ្ជៀសភាពយឺតយ៉ាវ ក្នុងការទទួលសេវា និងការផ្សព្វផ្សាយចូលរួមរបស់សហគមន៍ អាជ្ញាធរ និងវិស័យពាក់ព័ន្ធ គឺជារឿងដែលថ្នាក់ដឹកនាំសុខាភិបាលគ្រប់ឋានានុក្រម ត្រូវយកចិត្ដទុកដាក់ខ្ពស់។ មិនតែប៉ុណ្ណោះ ការចុះអភិបាលគាំទ្របច្ចេកទេសជាប្រចាំដល់បុគ្គលិកសុខាភិបាល គឺជាកត្ដាដែលមិនអាចខ្វះបាន ដើម្បីពង្រឹងគុណភាពសេវា បង្កើនជំនឿទុកចិត្ដរបស់ប្រជាជនមកលើវិស័យសុខាភិបាលរបស់ជាតិយើង។

សូមជម្រាបថា សេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត (ErnONC) ជាអន្តាគមនគន្លឹះមួយដែលក្រសួងបានដាក់ឱ្យអនុវត្តន៍តាំងពីឆ្នាំ២០០៩ ក្នុងគោលបំណងពន្លឿនការកាត់បន្ថយអត្រាមណភាពមាតា និង ទារក។ គិតត្រឹមក្នុងឆ្នាំ២០២៣នេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត រាជធានីទាំង២៥ គឺមានមូលដ្ឋានសុខាភិបាល EmONC រហូតដល់២១៧កន្លែង នៅទូទាំងប្រទេស។

គិតមកដល់ឆ្នាំ២០២៤នេះ ផ្នែកបណ្តុះបណ្តាលសម្រេចបានការបណ្តុះបណ្តាលលើការសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើតដល់មន្ត្រីសុខាភិបាលចំនួន ៤,៣៧៩នាក់ ក្នុងនោះមានវេជ្ជបណ្ឌិតចំនួន ២៤៧ ឆ្មបចំនួន ៩៤០នាក់ គិលានុបដ្ឋាកដាក់ថ្នាំសណ្តំចំនួន ១៥៥ និងវគ្គបណ្តុះបណ្តាលខ្លី ជាច្រើនដូចជា ដល់បុគ្គលិក មានចំនួន ៣,០៣៧នាក់ ចំណែកគ្រូបង្គោលនៅទូទាំងប្រទេសសម្រាប់ផ្តល់ការបណ្ដុះបណ្ដាលដល់មន្ត្រីសុខាភិបាលមានចំនួន ៨៤នាក់ (ក្នុងនោះមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មានចំនួន ៤០នាក់)។

ជាលទ្ធផល ក្រោយពីដាក់ឲ្យមានសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត អត្រាមរណភាពរបស់មាតា និង ទារកមានការធ្លាក់ចុះគួរឲ្យគត់សម្គាល់៖
*អត្រាមរណភាពរបស់ទារក បានធ្លាក់ចុះពី ២៧/១០០០កំណើតរស់ក្នុងឆ្នាំ២០១០ មកនៅត្រឹម ៨/១០០០កំណើតរស់នៅឆ្នាំ២០២២។

*អត្រាមរណភាពរបស់មាតា ក៏មានការធ្លាក់ចុះដែរ តែហាក់មានការយឺតយ៉ាវ ពោលគឺ មានការធ្លាក់ចុះពី២០៦/១០០,០០០កំណើតរស់ ក្នុងឆ្នាំ២០១០ មកនៅ ១៥៤/១០០, ០០០កំណើតរស់ ក្នុងឆ្នាំ២០២២ ដែលគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងឆ្នាំ២០៣០ កម្ពុជាបានកំណត់កាត់បន្ថយអត្រាមរណភាពមាតាឲ្យមកនៅត្រឹម ៧០/១០០,០០០កំណើតរស់។

នេះបើតាមការបញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិត គឹម រ័ត្ននា ប្រធានមជ្ឈមណ្ឌលគាំពារមាតា និងទារក៕