(កំពត)៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានអនុញ្ញាតឱ្យក្រុមកីឡាបាល់ទាត់តារាកម្ពុជា ដែលដឹកនាំដោយលោក គី សុផល អ្នកសម្របសម្រួលក្រុមបាល់ទាត់តារាកម្ពុជា  លោក ឈិន ឈឿន គ្រូបង្វឹកក្រុម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារដើម្បីត្រៀមរៀបចំប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមកីឡាបាល់ទាត់ថ្នាក់ដឹកនាំខេត្តកំពត ជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា ដែលការប្រកួតនេះនឹងធ្វើឡើង នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ ក្នុងបរិវេណកីឡដ្ឋានខេត្តកំពត ដែលចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារខាងលើ បានធ្វើឡើងនៅសាលាខេត្តកំពត។

ក្នុងជំនួបគ្នានេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានបង្ហាញការគាំទ្រចំពោះក្រុមកីឡាបាល់ទាត់តារាកម្ពុជា ដែលបានបង្កើតឱ្យមានព្រឹត្តិការណ៍ នៃការប្រកួតបាល់ទាត់មិត្តភាពរវាងថ្នាក់ដឹកនាំខេត្តកំពត និងក្រុមកីឡាបាល់ទាត់តារាកម្ពុជា ដើម្បីគាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ខេត្តកំពតពិតជាមានសំណាងខ្លាំងណាស់ ដែលគម្រោងព្រែកជីកហ្វូណនតេជោ ឆ្លងកាត់ ហើយខេត្តមានស្រុកចំនួន៣ ដែលគម្រោងព្រែកជីកដ៏មានសារៈសំខាន់នេះ ឆ្លងកាត់ គឺមានស្រុកអង្គរជ័យ ស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច។

ហើយកន្លងមក ប្រជាពលរដ្ឋនៅទូទាំងខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត គឺមានការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីហ្វូណនតេជោ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនឹងបើកការដ្ឋានស្ថាបនា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ព្រោះថាគម្រោងព្រែកជីកប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជាមួយនេះ នឹងផ្តល់ប្រយោជន៍ដ៏មហាសាលដល់ប្រជាពលរដ្ឋ ជំរុញដល់កំណើនសេដ្ឋកិច្ចជាតិតាមរយៈការបន្លែមធម្យោបាយធ្វើដំណើរ និងដឹកជញ្ជូនទំនិញតាមផ្លូវទឹក ដោយតភ្ជាប់ពីសមុទ្រមកកាន់ទន្លេ ជួយសម្រួលដល់ការជនលិច និងផ្តល់ទឹកសម្រាប់ប្រើប្រាស់ផ្សេងៗសម្រាប់ប្រជាពលរដ្ឋដែលព្រែកជីកនេះឆ្លងកាត់។

តាមការឱ្យដឹងពីលោក គី សុផល អ្នកសម្របសម្រួលក្រុមបាល់ទាត់តារាកម្ពុជា បានឱ្យដឹងថា គោលបំណងនៃការប្រកួតបាល់ទាត់មិត្តភាពនេះដែរ គឺដើម្បីគាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោ និងផ្សព្វផ្សាយអំពីផលប្រយោជន៍ដែលទទួលបានពីគម្រោងព្រែកជីកប្រវត្តិសាស្ត្រដ៏មានតម្លៃមួយនេះ ដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពត ក៏ដូចជាខេត្តដែលគម្រោងព្រែកជីកឆ្លងកាត់ ពិសេសគឺប្រជាពលរដ្ឋនៅទូទាំងប្រទេស។

លោក គី សុផល បានបន្តថា ព្រឹត្តិការណ៍នៃការប្រកួតកីឡាមិត្តភាពរវាងក្រុមបាល់ទាត់តារាកម្ពុជា និងអាជ្ញាធរខេត្តកំពត គាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងធ្វើឡើងនៅខេត្តដែលព្រែកជីកនេះឆ្លងកាត់ ក្នុងនោះរួមមាន ខេត្តកណ្តាល ខេត្តតាកែវ កំពត និងខេត្តកែប តែសម្រាប់ព្រឹត្តិការណ៍នៃការប្រកួតនាដើមខែកក្កដាខាងមុខនេះ គឺធ្វើឡើងចំនួនពីរខេត្តបញ្ចូលគ្នា គឺខេត្តកំពត និងខេត្តកែប។

សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាមិត្តភាពរវាងក្រុមបាល់ទាត់តារាកម្ពុជា និងអាជ្ញាធរខេត្តកំពត និងខេត្តកែប នាពេលខាងមុខនេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏ជាកីឡាកមួយរូប ដែលចូលរួមប្រកួតផងដែរ៕