(ភ្នំពេញ)៖ លោកណ្ឌិត ថេង ច័ន្ទសង្វារ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល សម្រាប់យុវជនគណបក្សប្រជាជនកម្ពុជា ក្រសួង ស្ថាប័ន និងជំនួយការផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ប្រធាន អនុប្រធាន និងសមាជិក នៃផ្នែកក្រសួង ស្ថាប័ន និងផ្នែកបណ្តុះបណ្តាលលោក លោកស្រីក្រុមគ្រូឧទ្ទេស និងសិក្ខាកាមទាំង ១៥៣នាក់ នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នៅវិមាន៧មករា។

នាកាសនោះដែរលោក យស ផានីត្តា ប្រធានផ្នែកបណ្តុះបណ្តាល បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលអស់រយៈពេល២ថ្ងៃមកនេះ បានប្រព្រឹត្តទៅយ៉ាងរលូន ក្នុងស្មារតីភាតរភាព សាមគ្គីភាព និងប្រកបដោយការទទួលខុសត្រូវ។ សិក្ខាកាមបានអនុវត្តកម្មវិធីសិក្សាយ៉ាងម៉ត់ចត់ គោរពវិន័យបានខ្ជាប់ខ្ជួនតាមបទបញ្ជាផ្ទៃក្នុងរបស់វគ្គ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀនសូត្រ។ តាមរយៈការរៀនសូត្រ សិក្ខាកាមបានវាយតម្លៃខ្ពស់ចំពោះសារប្រយោជន៍នៃវគ្គបណ្តុះបណ្តាលដែលខ្លួនបានទទួលនៅក្នុវគ្គនេះ ។

លោកបណ្ឌិត ថេង ច័ន្ទសង្វារ បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលសម្តេចជានិច្ចកាលតែងតែនឹករលឹកនឹងគិតគូជាប្រចាំដល់យុវជនគណបក្សទាំងអស់ ហើយការបើកវគ្គបណ្តុះបណ្តាលអប់រំនយោបាយដល់មន្ត្រីគណបក្ស គឺជាគោលការណ៍ដ៏សំខាន់មួយដែលពុំអាចខ្វះបានក្នុងការកសាងពង្រឹងជួរមន្ត្រីរបស់គណបក្ស នៅគ្រប់ដំណាក់កាលឱ្យមានភាពរឹងមាំ ស្អាតស្អំ ទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ដើម្បីឆ្លើយតបទៅនឹងសំណូមពរនៃសភាពការណ៍ និងភារកិច្ចតាមដំណាក់កាលនីមួយៗផង ព្រមទាំងចូលរួមក្នុងការកសាងកម្លាំងបន្តវេនរបស់គណបក្សផង ជាពិសេសក្នុងពេលបច្ចុប្បន្ន ដែលដំណើរការរៀបចំការផ្ទេរជំនាន់ដឹកនាំរបស់គណបក្ស កំពុងប្រព្រឹត្តទៅប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតចំពោះជោគវាសនាប្រទេសជាតិ។ អាស្រ័យហេតុនេះ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល មានការយកចិត្តទុកដាក់ខ្ពស់ដល់ការកសាងពង្រឹងជួរមន្ត្រីយុវជនគណបក្សនៅគ្រប់ថ្នាក់ គ្រប់ផ្នែក សំដៅធានានូវការឯកភាព ទាំងខាងទស្សនៈ គោលជំហរ និងសកម្មភាព មានអត្តចរិត សីលធម៌ល្អប្រពៃ និងមានសមត្ថភាពសម្រេចរាល់ភារកិច្ចដែលគណបក្សប្រគល់ជូន ។

លោកបណ្ឌិត ថេង ច័ន្ទសង្វារ បានបន្ថែមថា សម្រាប់វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ ពិតជានឹងជួយដល់យុវជនឱ្យកាន់តែមានការយល់ដឹងថែមទៀតអំពីគណបក្ស ក៏ដូចអំពីលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង, ខ្សែរយៈចាត់តាំងរបស់គណបក្ស និងយុវជនគណបក្ស ព្រមទាំងជាមូលដ្ឋាននៃការដឹកនាំ ចាត់តាំង អនុវត្ត នៅតាមអង្គការចាត់តាំងបក្សនៅថ្នាក់របស់ខ្លួន។ ពិតប្រាកដណាស់ថា បើគណបក្សមានជួរមន្ត្រីគ្រប់គ្រាន់ ដែលមានសមត្ថភាព មានបទពិសោធន៍ការងារ និងគុណធម៌ល្អប្រពៃនៅគ្រប់ថ្នាក់ គ្រប់ផ្នែកនោះ រាល់គោលការណ៍គោលនយោបាយរបស់គណបក្សនឹងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ហើយប្រជាជននឹងកាន់តែមានជំនឿលើការដឹកនាំរបស់គណបក្ស និងនៅតែបន្តគាំទ្រគណបក្សជាដរាប៕