(ពោធិ៍សាត់)៖ កិច្ចការពារ អភិរក្សធនធានធម្មជាតិ និងការពារសត្វព្រៃ គឺកាតព្វកិច្ចរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប បើទោះបីជាមានក្រសួងស្ថាប័នមួយចំនួន ជាសេនាធិការឱ្យរាជរដ្ឋាភិបាល ដើម្បីអនុវត្តន៍ភារកិច្ចនេះក៏ដោយ ជាក់ស្តែង ក្រសួងបរិស្ថាន ជាស្ថាប័នមួយទទួលខុសត្រូវដោយផ្ទាល់លើកិច្ចការងារនេះ បាននឹងកំពុងចុះធ្វើយុទ្ធនាការផ្សព្វផ្សាយគ្រប់រូបភាពពីសារៈសំខាន់មិនអាចថ្លៃបានពីព្រៃឈើ និងសត្វព្រៃ។

ជុំវិញផែនការសកម្មភាពបណ្តុះស្មារតីដល់ប្រជាពលរដ្ឋឱ្យស្រឡាញ់ធនធានធម្មជាតិ និងសត្វព្រៃ ក្រសួងបរិស្ថាន បានកំណត់បេសកកម្មសំខាន់ៗ គឺដឹកនាំ និងគ្រប់គ្រងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្រប និងមាននិរន្តរភាព និងការរស់នៅដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍យូរអង្វែងរបស់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់នៅកម្ពុជា។

ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងចូលរួមការពារ និងអភិរក្សសត្វព្រៃ, លោកពូ ជុំ អូន មានស្រុកកំណើតនៅរាជធានីភ្នំពេញ បានលើកឡើងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរ កាន់តែច្រើនឡើងបានយល់ដឹង និងការស្រឡាញ់ព្រៃ ព្រមទាំងសត្វព្រៃ ជាពិសេសស្រទាប់យុវវយកាន់ច្រើនឡើងបាននាំគ្នាធ្វើទេសចរណ៍តាមតំបន់ភ្នំ និងព្រៃឈើ។

លោក ជុំ អូន បានបង្ហាញការយល់ឃើញថា៖ «អ៊ឹចឹងវាគួរតែជាពេលវេលាដែលយើងជួួយថែរក្សាព្រៃឈើទាំងអស់គ្នា តាមពិតខ្ញុំយល់ថាយើងរួមគ្នាបញ្ឈប់កុំនាំគ្នាហូបសាច់ព្រៃ គួរតែមានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។ ខ្ញុំគិតថាយើងគួរមានការបណ្តុះគំនិតឱ្យមានការស្រឡាញ់ធម្មជាតិ ចាប់ផ្តើមពីយុវវ័យ និងអប់រំកូនចៅយើងឱ្យជួយថែរក្សាសត្វព្រៃ និងព្រៃឈើយើងឱ្យមានគង់វង្ស»

លោក ជុំ អូន បានគូសបញ្ជាក់ថា ទាល់តែយើងជួយគ្នា ទើបធនធានធម្មជាតិ និងសត្វព្រៃអាចនៅគង់វង្ស បើយើងមិនជួយគ្នាទេ យើងពិបាកការពារណាស់ ពីព្រោះមនុស្សតែ ១នាក់ ឬ ១ក្រុម មិនអាចការពារធនធានធម្មជាតិ និងសត្វព្រៃបាននោះទេ។

សម្រាប់លោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិដើមភាគតិច នៃក្រសួងអភិវឌ្ឍន៍ជនបទ បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះម្ចាស់ភោជនីយដ្ឋានទាំងអស់ដែលមិនតយកសាច់សត្វព្រៃ សម្រាប់ធ្វើជាមុខម្ហូបជូនភ្ញៀវពិសា។

លោកស្រី នួន មុនីចិន្តា បានបន្ថែមថា៖ «ជាធម្មតាពេលខ្ញុំចុះបេសកកម្មនៅតាមខេត្តនាងខ្ញុំតែងតែលើកទឹកចិត្តដល់បងប្អូនជនជាតិភាគតិច កុំឱ្យបរិភោគសាច់សត្វព្រៃ សត្វព្រៃ​ជាសត្វដែលកម្រ ប្រសិនបើផុតពូជកូនចៅជំនាន់ក្រោយរបសើយើងលែងបានឃើញ និងស្គាល់ បើយើងទាំងអស់គ្នាមិនបរិភោគ ក៏ភោជនីយដ្ឋាន មិនលក់បន្តទៀតដែរ»

លោកស្រី មុនីចិន្តា បានបន្តថា សម្រាប់វត្តមានវត្តសត្វព្រៃ នឹងបានរួមចំណែកយ៉ាងខ្លាំងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនានៅតាមតំបន់ដែលមានវត្តមានសត្វព្រៃ និងធនធានធម្មជាតិជាដើម។

យុវសិស្សមកពីវិទ្យាល័យពោធិ៍សាត់ បានគាំទ្រចំរាល់សកម្មភាពការពារធនធានធម្មជាតិ និងរួមគ្នាអភិរក្សសត្វព្រៃកម្រៗ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដើម្បីក្លាយជាចំណែកមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរ។ ជាពិសេសរួមគ្នាបញ្ឈប់ការចូលព្រៃកាប់ឈើ និងបរបាញ់សត្វព្រៃដោយខុសច្បាប់ជាដើម៕

សូមទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖