(ភ្នំពេញ)៖ ស្ថាប័នត្រួតពិនិត្យគ្រឿងញៀនកម្ពុជា ​ដឹកនាំដោយឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានចាកចេញពី ប្រទេសកម្ពុជា ដើម្បីទៅចូលរួមកិច្ចប្រជុំមន្រ្តីនគរបាលជាន់ខ្ពស់ប្រឆាំងគ្រឿងញៀន ក្រោមវត្តមានចូលរួមពីបណ្តាប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ កម្ពុជា ចិន ថៃ ឡាវ ភូមា វៀតណាម នៅខេត្តបកែវ ប្រទេសឡាវ ដែលជាខេត្តមួយនៅជាប់តំបន់ត្រីកោណមាស (ឡាវ ថៃ ភូមា)។

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានឱ្យដឹងថា៖ «ក្រោយទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំពិសេសលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពួកយើងទាំង១០រូបមកពីអន្តរស្ថាប័ននឹងបំពេញបេសកកម្មនៅលើកទឹកដីនៃប្រទេសឡាវ និងប្រទេសថៃ  រយ:ពេល០៤ថ្ងៃ ហើយប្រទេសទាំង៦ និងផ្តល់ការចែករំលែកបទពិសោធន៍ លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន»

ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលទៅចូលរួមក្នុងកិច្ចប្រជុំដែលនោះ បានប្រាប់បន្ថែមថា តំណាងពីប្រទេសទាំង៦ នោះនឹងចូលរួមទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរត់កីឡាពាក់កណ្តាលម៉ារ៉ាតុងនៅប្រទេសដើម្បីបង្ហាញពីមិត្តភាព និងឆន្ទះប្រយុទ្ធប្រឆាំង គ្រឿងញៀនរួមគ្នាផងដែរ «កីឡា និងពលកម្មមិនត្រូវការគ្រឿងញៀនទេ»។ ជាមួយគ្នានេះ កម្ពុជានឹងបង្ហាញពីការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងព្រឹត្តិការណ៍អមនានាមានជាតាំងពិព័រណ៍ ការប្រគំតន្រ្តីខ្នាតធំជាដើម។ល។

តាមការគ្រោងមន្រ្តីទាំងអស់នឹងមកដល់កម្ពុជាវិញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤៕