(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស ជូនថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក និងអ្នកស្ម័គ្រចិត្ដ កាកបាទក្រហមកម្ពុជា ទីស្នាក់ការកណ្តាល និងសាខារាជធានី-ខេត្ត សរុបចំនួន ៧១រូប ដែលប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា។

ក្នុងបរិយាកាសដ៏វិសេសវិសាលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្ដែងនូវក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដោយបានចូលរួមជាអធិបតីភាព ជូនថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក និងអ្នកស្ម័គ្រចិត្ដ កាកបាទក្រហមកម្ពុជាទីស្នាក់ការកណ្តាល និងសាខារាជធានី-ខេត្ត។

ជាពិសេសសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគូសរម្លឹកទាំងអួលដើមក អំពីសមិទ្ធផលទាំងឡាយ ដែលជាការចូលរួមពី ថ្នាក់ដឹកនាំ មន្ដ្រី បុគ្គលិក យុវជន អ្នកស្ម័គ្រចិត្ដកាកបាទក្រហមកម្ពុជាទាំងអស់ ដែលបានលះលង់ទាំងកម្លាំងកាយ ចិត្ដ ចេញពីបេះដូង ដោយមិនខ្លាចនឿយហត់ ឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយ ពីខេត្ដមួយទៅខេត្ដមួយទៀត ទាំងយប់ ទាំងថ្ងៃ ទោះជួបឧបសគ្គអ្វីក៏ប្រឹងជម្នះ ធ្វើម៉េចឱ្យតែទៅដល់គោលដៅ ដើម្បីជួយប្រជាពលរដ្ឋដែលកំពុងតែងាយរងគ្រោះគ្រប់រូបភាព មិនថាដោយគ្រោះមហន្ដរាយធម្មជាតិ​ ទឹកជំនន់ ភាពរំាងស្ងួត ភ្លើងឆេះផ្ទះ និងទុក្ខលំបាកវេទនាផ្សេងៗដែលកំពុងប្រឈម ។ការលះបង់ដ៏ធំធេងនេះ គឺមិនអាចបំភ្លេចបានទេ និងដក់ក្នុងអារម្មណ៍ របស់អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។

គ្រឿងឥស្សរិយយស ដែលបំពាក់ជូនមន្ត្រី បុគ្គលិក នាពេលនេះមានដូចជា៖

* គ្រឿងឥស្សរិយយស ជាតូបកា ចំនួន ២៤គ្រឿង
* គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន ១គ្រឿង
* គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេនាសេរីវឌ្ឍន៍ ចំនួន ៨គ្រឿង
* គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេនាចំនួន ៣៨គ្រឿង

សូមជម្រាបថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានដឹកនាំ និងអនុវត្ដយ៉ាងខ្ជាប់ខ្ជួន ក្នុងបុព្វហេតុមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋ ងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស ដោយមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់ជារៀងរាល់ឆ្នាំ។

កាកបាទក្រហមកម្ពុជា តែងតែប្រមូលផ្ដុំកម្លាំងមនុស្សធម៌ ខិតខំសម្រេច ឱ្យបាននូវទស្សនវិស័យបេសកកម្មនិងគុណតម្លៃ ដើម្បីចូលរួមចំណែក សង្គ្រោះជីវិត កសាងភាពធន់ទៅនឹងគ្រោះមហន្ដរាយដោយធម្មជាតិ និងមនុស្សបង្កើតឡើង, ចូលរួមចំណែកការកាត់បន្ថយអត្រាឈឺ និងស្លាប់នៃមាតា ទារក និងកុមារ ការពារជំងឺឆ្លងៗផ្សេង និងអន្ដរាគមន៍សុខភាពគ្រាអាសន្ន, ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធមនុស្ស សេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌ អហិង្សា ព្រមទាំងពង្រឹងការរក្សាកិត្ដិនាម កាកបាទក្រហមកម្ពុជា ជាសមាគមជាតិមានដំណើរការល្អ ក្នុងការសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះ នៅគ្រប់ទីកន្លែង និងទាន់ពេលវេលា៕