(ភ្នំពេញ)៖ កញ្ញា អ៉ឹម រចនា​ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា រហូតដល់ពេលនេះ មានខេត្តចំនួន១៥បានរងការបំផ្លិចបំផ្លាញដំណាំរបស់ប្រជាកសិករ ដោយពពួកដង្កូវហ្វូងថ្មី ក្នុងរង្វង់១ទៅ ២% នៃដំណាំកំពុងដាំដុះ ខណៈដែលខេត្តចំនួន២ ចាប់ផ្តើមរងការខូចខាតថ្មី ហើយនៅមិនទាន់អាចវាយតម្លៃទំហំផ្ទៃដីនៃការខូចខាតនៅឡើយ។

ករណីផ្ទុះដង្កូវហ្វូង បានរីករាលដាលដល់បណ្តាខេត្តកម្ពុជានេះ បើតាមការប៉ាន់ស្មានបឋម គឺផលប៉ះពាល់អាចក្នុងរង្វង់១-២% នៃដំណាំកំពុងដាំដុះ ដែលភាគច្រើនទៅលើដំណាំស្រូវ និងដំឡូងមី តែតួលេខនេះអាចនឹងកើនឡើងបន្តទៀតនាពេលខាងមុខ។ ខេត្តដែលមានវត្តមានដង្កូវហ្វូងថ្មីនេះ រួមមានខេត្តកំពង់ចាម, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ធំ, ខេត្តក្រចេះ, ខេត្តព្រះវិហារ, ខេត្តសៀមរាប, ខេត្តស្ទឹងត្រែង, ខេត្តតាកែវ, ខេត្តប៉ៃលិន, ខេត្តត្បូងឃ្មុំ, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តកោះកុង, ខេត្តពោធិ៍សាត់​ និងខេត្តឧត្តរមានជ័យ។

កញ្ញា អ៉ីម រចនា​ បានបន្តថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះបញ្ហាដង្កូវហ្វូងនេះ ហើយក្រសួងក៏បានប្រើប្រាស់កម្លាំង និងមធ្យោបាយសរុបនៅទូទាំងប្រទេស ដោយបញ្ចូនមន្ត្រីជំនាញជាបន្ទាន់ទាំងថ្នាក់ជាតិ, ថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋាន ដើម្បីចុះតាមដានវាយតម្លៃពីការរីករាលដាល ក៏ដូចជាបង្ហាញពីអត្តសញ្ញាណនៃពពួកដង្កូវហ្វូងថ្មីនេះ ដោយធ្វើការផ្សព្វផ្សាយពីវិធានការឆ្លើយតបភ្លាមៗដល់បងប្អូនកសិករនៅតាមមូលដ្ឋាន និងអន្តរាគមន៍ផ្ទាល់ក្នុងករណីចាំបាច់ផងដែរ។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់ថា «តាមការវាយតម្លៃក្នុងពេលបច្ចុប្បន្ន ស្ថានភាពនេះស្ថិតនៅក្នុងដំណាក់កាលគ្រប់គ្រងបាននៅឡើយទេ ដោយហេតុថាយើងបានប្រតិកម្មបានលឿន និងបងប្អូនប្រជាកសិករមានការចូលរួមបានយ៉ាងសកម្ម និងទូលំទូលាយ បន្ថែមពីនេះអ្នកជំនាញរំពឹងទុកថា នៅពេលដែលមានភ្លៀងធ្លាក់មក ដង្កូវហ្វូងទាំងនេះនឹងស្លាប់ទៅវិញ ហើយបញ្ហារីករាលដាលនឹងត្រូវបញ្ចប់»។

ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងកសិកម្មបានទទូចសុំប្រជាកសិករគ្រប់ខេត្តទាំងអស់ បន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ តាមដានត្រួតពិនិត្យមើលដំណាំស្រែចម្ការរបស់ខ្លួនជាប្រចាំ និងឱ្យបានទៀងទាត់ និងចាត់វិធានការឱ្យបានទាន់ពេលវេលា ជៀសវាងនូវការខាតបង់ធ្ងន់ធ្ងរមកលើផលដំណាំរបស់ខ្លួន៕