(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោក Andrew Herrup ភារធារីនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងបរិយាកាសកក់ក្តៅ និងរាក់ទាក់។

នាឱកាសនោះលោកភារធារី Andrew Herrup បានថ្លែងអំណរគុណជូនចំពោះលោកឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យលោក និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ហើយក្នុងនោះលោកបានបញ្ជាក់អំពីការតាំងចិត្តក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ពាណិជ្ជកម្ម រួមទាំងកិច្ចការងារវិនិយោគរវាងគ្នានិងគ្នាផងដែរ។

បន្ថែមពីនេះលោក Andrew Herrup ក៏បានលើកឡើងអំពីលទ្ធភាពធ្វើការរួមគ្នាដើម្បីដោះស្រាយកង្វល់មួយចំនួន ដើម្បីបង្កបរិយាកាសឱ្យកាន់តែមានភាពទាក់ទាញសម្រាប់វិនិយោគិនបន្ថែមទៀតពីសហរដ្ឋអាមេរិក។ លោកក៏បានសម្តែងនូវចំណាប់អារម្មណ៍ជាវិជ្ជមានចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកឧបនាយករដ្ឋមន្ត្រីទៅកាន់សហភាពអឺរ៉ុប ក្នុងគោលដៅទាក់ទាញការវិនិយោគបន្ថែមទៀតផងដែរ។

ថ្លែងនាឱកាសនោះដែរ លោក ស៊ុន ចាន់ថុល បានបង្ហាញក្តីសោមនស្សរីករាយចំពោះចំណាប់អារម្មណ៍ជាវិជ្ជមាននេះ ហើយឆ្លៀតជម្រាបជូនត្រួសៗអំពីលទ្ធផលប្រកបដោយផ្លែផ្កាពីបេសកកម្មគោះទ្វារវិនិយោគនៅសហភាពអឺរ៉ុប កាលពីថ្ងៃទី៩-១៨ ខែមិថុនា កន្លងទៅនេះ។

ដកស្រង់ពីបទពិសោធន៍ និងលទ្ធផលនៃដំណើរទស្សកិច្ចទៅសហភាពអឺរ៉ុប លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនភាគីមិត្ត ពីលទ្ធភាពនៃការធ្វើការរួមគ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអាមេរិក ដើម្បីពិនិត្យលទ្ធភាពក្នុងការសម្របសម្រួលរៀបចំព្រឹត្តិការណ៍ជំរុញវិនិយោគនៅសហរដ្ឋអាមេរិក តាមរយៈការរៀបចំជាវេទិការធុរកិច្ច និងការគោះទ្វារវិនិយោគតាមក្រុមហ៊ុនដែលមានបំណងពង្រីកខ្សែច្រវាក់ផលិតនិងផ្គត់ផ្គង់ក្នុងតំបន់ ដើម្បីបញ្ជ្រាបព័ត៌មានវិនិយោគ និងកញ្ចប់លើកទឹកចិត្តនានា ជូនដល់ធុរជនអាមេរិក។

បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងបញ្ជ្រាបការឈ្វេងយល់ពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនទៅលោក Andrew Herrup ពីលទ្ធភាពធ្វើការរួមគ្នាដើម្បីដោះស្រាយកង្វល់របស់វិនិយោគិនអាមេរិកនៅកម្ពុជា តាមរយៈការរៀបចំនូវយន្តការរួមសម្រាប់កិច្ចសន្ទនាជាប្រចាំលើកិច្ចការងារវិនិយោគ ដើម្បីអាចឱ្យកម្ពុជាមានលទ្ធភាពសម្របសម្រួលដោះស្រាយបញ្ហានានារបស់វិនិយោគិនអាមេរិកបានកាន់តែឆាប់រហ័ស៕